ការផ្ចង់អារម្មណ៍សិក្សាមុខវិជ្ជានីមួយៗជាប្រការចាំបាច់បំផុតដែលជួយឲ្យសិស្សនិស្សិតចាប់បានខ្លឹមសារមេរៀនច្បាស់ និងទទួលបានជោគជ័យពេលប្រឡង។ ជាការពិតរឿងរំខានអារម្មណ៍អាចកើតមានឡើងដោយសារកត្តាខាងក្រៅនិងកត្តាខាងក្នុងខ្លួន។ តែទោះជាយ៉ាងណាក៏ដោយគេអាចកាត់បន្ថយគ្រឿងរំខានទាំងនោះបានដោយអនុវត្តនូវវិធីសាស្ត្រមួយចំនួនខាងក្រោម៖
១. ពេលសិក្សាម្តងៗចូរធ្វើខ្លួនឲ្យទំនេរ ចូរដក ទូរស័ព្ទ កុំព្យូទ័រ និងគ្រឿងរំខានផ្សេងទៀតយកទៅទុកមួយឡែក។ ចូរប្រាប់មិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក កុំឲ្យរំខានអ្នកពេលកំពុងសិក្សា។
២. ចូរជ្រើសរើសកន្លែងរៀនដែលមានអនាម័យល្អនិងសីតុណ្ហភាពសមស្រប។ ចូររើសកន្លែងណាដែលស្ងាត់ ជៀសវាងកន្លែងណាដែលអ៊ូអរ។ ចូរជៀសវាងរៀននៅលើគ្រែគេង ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ចង់គេងលេង។ ពេលសិក្សា ចូរអង្គុយឲ្យត្រង់ខ្លួន។
៣. ចូរយកតាមខ្លួនជាស្រេចនូវសម្ភារៈសិក្សាទាំងឡាយដែលអ្នកត្រូវការ រួមមានដូចជា សៀវភៅអាន សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ហ្វឺតហាយឡាយ ម៉ាស៊ីនគិតលេខ និងទឹកផឹកជាដើម។
៤. ចូររៀននៅម៉ោងណាដែលអ្នកមានស្មារតីល្អ។ អ្នកត្រូវដឹងខ្លួនឯងថា អ្នកអាចក្រោករៀនពេលព្រលឹម រៀនដល់យប់ជ្រៅ ឬរៀនក្រោយពេលបាយបានដែរឬទេ។ ចូរជៀសវាងភេសជ្ជៈប៉ូវកម្លាំង និងឱសថ។
៥. ចូរសិក្សាតែរយៈពេល ៥០ ទៅ ៦០ នាទី បានហើយ រួចសម្រាកប្រាំទៅដប់នាទី។ ក្នុងចន្លោះពេលសម្រាកចូរបរិភោគអាហារសម្រន់ ឬទឹកផ្លែឈើ។
៦. ចូររៀបចំកាលវិភាគសិក្សា ហើយរៀនទៅតាមកាលវិភាគនោះ។ ចូររៀនមុខវិជ្ជាដែលលំបាកក្នុងពេលដែលអ្នកនៅមានស្មារតីពេញលេញ ដើម្បីជៀសវាងកុំឲ្យអ្នកធុញទ្រាន់។
៧. ចូរបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់បរិភោគ និងលំហាត់ប្រាណ។
សាលារៀន salarean.com
|