Recent Comments

Home » » សំដី​មេ​ដឹក​នាំ​ពិភព​លោក

សំដី​មេ​ដឹក​នាំ​ពិភព​លោក

Written By Unknown on Sunday, May 27, 2012 | 12:12 AM


ណាប៉ូឡេអុង បូណាប៉ារត៍
(១៧៦៩-១៨២១)
អ្នក​ចម្បាំង​ និង​យោធា​ដ៏​ល្បី​ល្បាញ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​ក្នុង​នាម​ជា​មេដឹកនាំ​បារាំង​លះ​បង់​ខ្លួន​ដើម្បី​ការ​បង្រួប​បង្រួម​ទ្វីប​អឺរ៉ុប។
១. នៅ​ក្នុង​សង្រ្គាម​ បី​ភាគ​បួន​អាស្រ័យ​លើ​អត្តចរិត​បុគ្គល​ និង​ទំនាក់​ទំនង។ តុល្យភាព​ កម្លាំង​មនុស្ស និង​សម្ភារៈ​ ទទួល​ខុស​ត្រូវ​តែ​ចំណែក​មួយ​ភាគ​បួន​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ។
២. កង​ទ័ព​អាច​ប្រយុទ្ធ​បាន​ដោយ​សារ​ក្រពះ។
៣. គ្រាប់កាំភ្លើង​ដែល​អាច​សម្លាប់​ខ្ញុំ​បាន​ មិន​ទាន់​ត្រូវ​គេ​ផលិត​ចេញ​នៅ​ឡើយ។
៤. ពី​ភាព​ប្រសើរ​ថ្លៃ​ថ្នូរ​មកភាព​គួរ​ឲ្យ​អស់​សំណើច​ មាន​ចំងាយ​តែ​មួយ​ជំហាន​ប៉ុណ្ណោះ។ (​ក្រោយ​ពី​ដក​ទ័ព​ថយ​ពី​ក្រុង​មូស្គូ)
៥. ស្តេច​គ្រង​រាជ​ដែល​មាន​ឈ្មោះ​ល្អ​នៅ​ឆ្នាំ​ដំបូង នឹង​ត្រូវ​គេ​សើច​ចំអក​នៅ​ឆ្នាំ​បន្ទាប់។
អូតូ វ៉ុន ប៊ីស្មាក់
(១៨១៥-១៨៩៨)
"​អធិការ​បតី​ដៃ​ដែក​" ជាតិ​ព្រុស្យា​ដែល​បាន​បង្រួប​បង្រួម​ជាតិ​អាល្លឺ​ម៉ង់​​តាម​មធ្យោបាយ​ "​ឈាម​និង​ដែក"។
១. នយោបាយ​គឺ​ជា​សិល្បៈ​នៃ​កិច្ចការ​ដែល​អាច​សម្រេច​បាន។
២. ថ្វាយ​អំណាច​យោធា​ដ៏​ខ្លាំង​បំផុត​ឲ្យ​ទៅ​ស្តេច​ព្រុស្យា បន្ទាប់​មក​ព្រះ​អង្គ​នឹង​អាច​អនុវត្ត​គោល​នយោបាយ​ទៅ​តាម​បំណង​របស់​អ្នក។ គោល​នយោបាយ​នេះ មិន​អាច​សម្រេច​ទៅបាន​តាមរយៈ​ពាក្យ​សំដី ការប្រកួត​បាញ់ និង​ចម្រៀង​ទេ តែ​សម្រេច​បាន​តាម​រយៈ​ "​ឈាម​និង​ដែក"​។
៣. ប្រសិន​បើ​មាន​សង្រ្គាម​មួយ​ទៀត​នៅ​អឺរ៉ុប នោះ​វា​នឹង​កើត​ឡើង​ដោយសារ​រឿង​ឆ្កួត​ៗ​ខ្លះ​ៗ​ នៅ​តំបន់​បាល់កង់។
៤. នៅ​ពេល​អ្នក​និយាយ​ថា​ អ្នក​យល់​ស្រប​អ្វី​មួយ​ជាគោលការណ៍ មាន​ន័យថា​អ្នក​គ្មាន​ចេតនា​បន្តិច​សោះ​ នឹង​អនុវត្ត​វា។
វ៉្លាឌីមៀ អ៊ីលីជ ឡេនីន
(១៨៧០-១៩២០)
អ្នក​ទ្រឹស្តី​នយោបាយ និង​អ្នក​ដឹកនាំ​ខ្លាំង​​ នៃ​បដិវត្តន៍​ ដែល​បាន​ប្រែ​ក្លាយ​ប្រទេស​រុស្ស៊ី​ក្រោម​ស្តេច​ត្សា​ឲ្យ​ទៅ​ជា​ប្រទេស​កុម្មុយនិស្ត​ទី១​នៅ​លើ​ពិភព​លោក។​
១. លទ្ធិ​កុម្មុយនិស្ត​ ជា​អំណាច​របស់​សូវៀត​ បូក​ផ្សំ​និង​អគ្គិសនីកម្ម​របស់​ប្រទេស​ទាំង​មូល។
២. ចក្រពត្តិ​និយម​ គឺ​ជា​ដំណាក់​កាល​ផ្តាច់​មុខ​ នៃលទ្ធិ​មូលធននិយម។
៣. សេរីភាព​ជា​វត្ថុ​មាន​តម្លៃ មាន​តម្លៃ​រហូត​ត្រូវ​កំណត់។
៤. ដរាប​ណា​មាន​រដ្ឋ​ពុំ​អាច​មាន​សេរីភាព។ នៅ​ពេល​មាន​សេរីភាព នឹង​ពុំ​មាន​រដ្ឋ។
៥. លទ្ធិ​ប្រជា​ធិបតេយ្យ​ មិន​ដូច​គ្នា​បេះ​បិត​នឹង​ការ​គ្រប់​គ្រង​ដោយ​សម្លេង​ភាគ​ច្រើន​ទេ។ លទ្ធិ​ប្រជា​ធិបតេយ្យ​​ជា​រដ្ឋ​មួយ​ដែល​ទទួល​ស្គាល់​ការយក​សំលេង​ភាគ​តិច​មក​ដាក់​ឲ្យ​នៅ​ក្រោម​សម្លេង​ភាគ​ច្រើន​ គឺ​ជា​អង្គការ​មួយ​ដែល​ប្រើ​ប្រាស់​កម្លាំង​ជា​ប្រព័ន្ធ​ដោយ​វណ្ណៈ​មួយ​ប្រឆាំង​នឹង​វណ្ណៈ​មួយ​ទៀត ដោយ​មនុស្ស​មួយ​ក្រុម​ប្រឆាំង​នឹង​មនុស្ស​មួយ​ក្រុម​ទៀត។
បេនីតូ មូសូលីនី
(១៨៨៣-១៩៤៥)
ជា​អ្នក​រៀប​ចំ​ចាត់​តាំង​បង្កើត​របប​ផ្តាច់ការ​ហ្វា​ស៊ីស​នៅ​អ៊ីតាលី និង​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ​ អាដុលហ្វ៍ អ៊ី​ត្លែរ នៅ​អាល្លឺម៉ង់
១. បើ​ខ្ញុំ​រុល​ទៅ​មុខ​ តាម​ខ្ញុំ! បើ​ខ្ញុំ​ដក​ថយ​ សម្លាប់​ខ្ញុំ​ចោល! បើ​ខ្ញុំ​ស្លាប់​សង​សឹក​ឲ្យ​ខ្ញុំ!
២. អ្នក​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​គិត​ពី​ភាព​ហិង្សា។ សម្រាប់​ខ្ញុំ​​ហិង្សា​វា​ត្រឹម​ត្រូវ​តាម​សីលធម៌ណាស់ គឺ​មាន​សីលធម៌​ជាង​ការ​ព្រម​ព្រៀង​និង​ស្រុះ​ស្រួល​គ្នា​ទៅ​ទៀត។
៣. យើង​ត្រូវ​តែ​ចេញ​ដំណើរ​ឲ្យ​ទាន់​ចំពេល... ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្វី​ៗ​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ​ដោយ​សុក្រិត​ភាព។
ហ្សូសេហ្វ ស្តាលីន
(១៨៧៩-១៩៥៣)
ទទួល​តណែង​ពី​ឡេនីន​ក្នុង​នាម​ជា​មេដឹក​នាំ​សហភាព​សូវៀត និង​បាន​លើក​តម្កើង​ប្រជាជាតិ​មួយ​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដឹកនាំ​ពិភព​លោក
១. អ្នក​និពន្ធ​ជា​វិស្វករ​របស់​ព្រលឹង​មនុស្ស
២. បទ​ពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំបូរ​បែប បង្រៀន​យើង​ថា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ គ្មាន​វណ្ណៈ​ណាមួយ​ស្ម័គ្រ​ចិត្ត​ជៀស​ផ្លូវ​ទុក​ឲ្យ​វណ្ណៈ​មួយ​ទៀត​ទេ។
៣. រដ្ឋ​ជា​ឧបករណ៍​មួយ​ក្នុង​ដៃ​របស់​វណ្ណៈ​កាន់​អំណាច ដែល​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​បង្រ្កាប​ការ​ប្រឆាំង​របស់​សត្រូវ​នៃ​វណ្ណៈ​នោះ។
អាដុលហ្វ៍ ហ៊ីត្លែរ
(១៨៨៩-១៩៤៥)
អ្នក​ដឹក​នាំ​របប​ផ្តាច់ការ​ហ្វាស៊ីស​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ជា​អ្នក​វាត​ទី​កាន់​កាប់​ទ្វីប​អឺរ៉ុប​ដី​គោក​ក្នុង​សង្រ្គាម​លោក​លើក​ទី​២
១. ជំនឿ​ពិបាក​លប់​បំបាត់​ជាង​ចំណេះ​ដឹង
២. ក្នុង​ប្រជា​ជាតិ​មួយ មហាជន​មួយ​ក្រុម​ធំ​.. ងាយ​នឹង​ក្លាយ​ជាជន​រង​គ្រោះ​ពី​ការ​ភូត​ភរ​ដ៏​ធំ​មួយ​ ជាង​មហា​ជន​មួយ​ក្រុម​តូច​ផ្សេង​ទៀត។
វីន​ស្តុន ឆឹច​ឈីល
(១៨៧៤-១៩៦៥)
នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ដែល​បាន​ឈរ​ជើង​យ៉ាង​រឹង​មាំ​និង​ក្លាហាន​ដើម្បី​តទល់​នឹង​កម្លាំង​ណាស៊ី​ក្នុង​កំឡុង​ពេល​ដ៏​អួរអាប់​បំផុត​នៃ​អារ្យធម៌​បស្ចិម​ប្រទេស
១. យើង​រៀប​ចំ​ផ្ទះ​របស់​យើង ក្រោយ​មក​វា​នឹង​រៀប​ចំ​យើង​វិញ
២. សេចក្តី​ក្លាហាន​ត្រូវ​ចាត់​ទុក​ជា​គុណសម្បត្តិ​ដំបូង​គេ​របស់​មនុស្ស ព្រោះវា​ធានា​ដល់​គុណសម្បត្តិផ្សេង​ទៀត​ទាំង​អស់​។
៣. គេ​និយាយ​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ទម្រង់​រដ្ឋាភិបាល​អាក្រក់​បំផុត លើក​លែង​តែ​ទម្រង់​រដ្ឋាភិបាល​ផ្សេង​ទៀត​ទាំងឡាយ​ណា ដែល​ទទួល​បាន​ការ​សាក​ល្បង​ពី​មួយ​ពេល​ទៅ​មួយ​ពេល។
៤. ជា​កំហុស​មួយ​ដែល​មនុស្ស​ម្នាក់​មើល​ទៅ​ឆ្ងាយ​ហួស​ពេក។ ក្នុង​ខ្សែ​ជីវិត​មាន​ចំនុច​តែ​មួយ​គត់​ដែល​អាច​ត្រូវ​ដោះស្រាយ​នៅ​ពេល​តែ​មួយ​ដូចគ្នា។
៥. ប្រវត្តិសាស្ត្រ​ពិភព​លោក​ទំាង​មូល​ត្រូវ​សង្ខេប​មក​ត្រឹម​ការពិត​ដែល​ថា ប្រជាជាតិ​ខ្លាំង​តែង​មិន​ធ្វើ​ត្រឹម​ត្រូវ​ទេ ហើយ​នៅ​ពេល​ពួក​គេ​ទាមទារ​ឲ្យ​មាន​ភាពត្រឹម​ត្រូវ​លើ​ខ្លួន មាន​ន័យ​ថា ពូកគេ​លែង​ខ្លាំង​ទៀត​ហើយ។
៦.  នយោបាយ​គ្រោះ​ថ្នាក់​ជាង​សង្គ្រាម ព្រោះ​ក្នុង​សង្គ្រាម​អ្នក​អាច​ត្រូវ​គេ​សម្លាប់​តែ​ម្តង​គត់។
៧. សង្គ្រាម​ភាគ​ច្រើន​ ជា​សៀវភៅ​រាយ​ឈ្មោះ​កំហុស​ចោល​ម្សៀត។
៨. ចក្រ​ភព​របស់​អនាគត​កាល​គឺ​ចក្រភព​របស់​ចិត្ត។
៩. និយាយ​វែង​ឥត​ប្រយោជន៍​ តែង​តែ​ប្រសើរ​ជាង​សង្គ្រាម​អូស​បន្លាយ។
១០. ក្រៅ​ពី​សម​នឹង​ទទួល​ជោគ​ជ័យ គ្មាន​នរណា​ម្នាក់​ធានា​ថា​នឹង​ទទួល​បាន​វា​នៅ​ក្នុង​សង្គ្រាម​ឡើយ។
១១. នៅ​ពេល​អ្នក​ត្រូវ​សម្លាប់​មនុស្សម្នាក់​ វាគ្មាន​តំលៃ​អ្វី​ទេ​ដែល​ធ្វើឬក​ជា​សុភាព។
១២. សីលធម៌​សម្រាប់​ការងារ​គឺថាៈ ពេល​សង្គ្រាម​គេ​និយាយ​ពី​ដំណោះ​ស្រាយ ពេល​បរាជ័យ​គេ​ត្រូវ​ការ​ភាព​គឃ្លើន ពេល​ជោគជ័យ​ត្រូវ​មាន​ចិត្ត​អធ្យាស្រ័យ និង​ពេល​សន្តិភាព​ត្រូវ​មាន​សុច្ឆន្ទៈ។
មហាត្មៈ គន្ធី
(១៨៦៩-១៩៤៨)
មេ​ដឹកនាំអហិង្សា​និង​សាសនា​ឥណ្ឌា​ដែល​បាន​ដឹកនាំ​ការ​តស៊ូ​ទាមទារ​សេរីភាព​ពី​ការ​គ្រប់​គ្រង​របស់​អង់គ្លេស
១. ចំពោះ​មនុស្ស​ដែល​ក្រពះ​របស់​គេ​គ្មាន​អ្វី​សោះ អា​ហារ​គឺ​ជា​ព្រះ។
២. ខ្ញុំ​មិន​មែន​កសាង​ខ្លួន​សម្រាប់​សរសេរ​ទ្រឹស្តី តែ​សកម្ម​ភាព​ជា​គោល​ដៅ​របស់​ខ្ញុំ។
៣. ខ្ញុំ​ចាត់​ទុក​ខ្លួង​ឯង​ជា​ជនជាតិ​ហិណ្ឌូ គ្រិស្តសាសនិកជន អ៊ីស្លាម ជ្វីហ្វ ពុទ្ធសាសនិក និង​ខុងជឺ។
៤. អហិង្សា​គឺ​ជា​ខ​ដំបូង​នៃ​ជំនឿ​របស់​ខ្ញុំ។ វា​ក៏​ជា​ខ​ចុង​ក្រោយ​នៃ​គោលការណ៍​របស់​ខ្ញុំ។
៥. ភាព​មាន​តែ​មួយ​ជា​ច្បាប់​ធម្មជាតិ។ ចូរ​សំឡឹង​មើល​ភាព​ផ្តាច់​មុខ​នៃ​ការ​រះ​របស់​ព្រះ​អាទិត្យ។​ ភាព​មាន​តែមួយ​ក្នុ​ង​ជីវភាព​រស់​នៅ​ចាំបាច់ គឺ​ការ​ចេះ​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង​ក្លៀវក្លា​ឡើង។
៦. ការ​បណ្តែត​បណ្តោយ​តាម​ចំណូល​ចិត្ត​ខ្លូន​តែង​មាន​ព្រំដែន តែ​គ្មាន​ទេ​សម្រាប់​ការ​អត់​ធ្មត់​ទប់​ចិត្ត​ខ្លួន​ឯង។
៧. បុគ្គល​ណាម្នាក់​ក៏​អាច​ប្រឆាំង​នឹង​​អំណាច​របស់​អាណចក្រ​មិន​ត្រឹម​ត្រូវ​មួយ​ ដើម្បី​សង្គ្រោះ​កិត្តិយស​របស់​ខ្លួន សាសនា​របស់​ខ្លួន ព្រលឹង​របស់​ខ្លួន ហើយ​ចាក់​គ្រឹះ​សម្រាប់​ការ​ដួល​រលំ ឬ​ការ​កែ​ប្រែ​ថ្មី​ឡើង​វិញ​នៃអាណាចក្រ​នោះ។
៨.​ តើ​​មាន​ការ​ខុស​គ្នា​អ្វី​ទៅ​រវាង​ការ​ស្លាប់ កំព្រា និង​គ្មាន​ផ្ទះ​សម្បែង តើ​ការ​បំផ្លាញ​ដ៏​ឆ្កួត​លីលា​ត្រូវ​បាន​ចារក្រោម​ផ្លាក​ផ្តាច់​ការ​និយម ឬ​ក៏​ផ្លាក​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព​ឬ​ក៏​ប្រជា​ធិបតេយ្យ?
ម៉ៅ សេទុង
(១៨៩៣-១៩៧៦)
រដ្ឋ​បុរស​បដិវត្តន៍​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ និង​ដាក់​ឲ្យ​អនុវត្ត​គម្រូ​រដ្ឋាភិបាល​កុម្មុយនិស្ត​តែ​មួយ​គត់​លើ​ពិភព​លោក
១. ទ័ព​ឧទ្ទាម​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន​ ប្រៀប​ដូច​ទឹក​និង​ត្រី។
២. នយោបាយ​ជា​សង្គ្រាម​គ្មាន​ការ​បង្ហូរ​ឈាម ឯសង្គ្រាម​ជា​នយោបាយ​មាន​ការ​បង្ហូរ​ឈាម។
៣. ជន​កុម្មុយនិស្ត​គ្រប់​រូប​ត្រូវ​យល់​នូវ​ការពិត​ដែល​ថា "​អំណាច​នយោបាយ​ដុះ​ចេញ​ពី​ចុងកាណុង"​។
៤. ការ​ទុក​ឲ្យ​បុប្ផា​មួយ​រយ​ទង​រីក​ និង​ថ្នាលគំនិត​មួយ​រយ​ដុះ​ដាល​ប្រជែង​គ្នា​ជា​គោល​នយោបាយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​និង​វិទ្យាសាស្ត្រ​ព្រម​ទាំង​វប្បធម៌​សង្គម​និយម​ចំរុង​ចម្រើន​មួយ​លើ​ទឹក​ដី​របស់​យើង។
៥. គ្រាប់​បែក​បរមាណូ​ជា​ខ្លា​ក្រដាស​មួយ​ដែល​ពួក​ប្រតិកិរិយា​អាមេរិក​ប្រើ​បន្លាច​ប្រជា​ជន។ វា​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ តែ​តាម​ពិត​ពុំ​ដូច្នេះ​ទេ​... រាល់​ពួក​ប្រតិកិរិយា​ជា​ខ្លា​ក្រដាស។​
ដក​ស្រង់​ចេញ​ពី​សៀវភៅ កំពូល​មេដឹកនាំ​ពិភពលោក កែ​សម្រួល​និង​រៀប​រៀង​ដោយ កែវ​សំណាង បោះពុម្ព​ឆ្នាំ​១៩៩៩
សាលារៀន salarean.com
សូម​អាន​ប្រវត្តិ​របស់​មេ​ដឹក​នាំ​នីមួយៗ​ក្នុង​សៀវភៅ​កំពូល​មេ​ដឹក​នាំ​ពិភព​លោក​
ណាប៉ូ​លេ​អុង បូណាប៉ារត៍
ស៊ីម៉ង បូលីវ៉ា
អុតតូ វ៉ុន ប៊ីស្មាក់
ម៊ីអ៊ិយិ មុត​ស៊ូហ៊ីតូ
វ៉ាដីមៀអ៊ីលីជ ឡេនីន
ស៊ុន យ៉ាត​សេន
បេនីតូ មូសូលីនី
ហ្សូសេហ្វ ស្តាលីន
អាដុល្វ៍ ហ៊ីត្លែរ
វីនស្តុន ឆឺច​ឈីល
មហាត្មៈ គន្ធី
ម៉ៅ​ សេទុង
ហ្សូស៊ីព ប្រូហ្ស៍ ទីតូ
មូជីមិញ
ហ្គោលដា មែរ
អាយ៉ាតូឡា រូហូឡា ខូមេនី
ហ្វីដែល​ កាស្ត្រូល
មីខាអ៊ីល ហ្គ័របាឆូវ
រ៉ូណាល់ រី​ហ្គែន
ណែល​សុន ម៉ង់​ដេឡា
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger