ភ្នំពេញៈ សាលារាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវមួយដល់មេដឹកនាំសហគមន៍ទាំងអស់ ក្នុងខណ្ឌទាំង ៩ នៅភ្នំពេញ ឲ្យជ្រើសរើសយុវជនក្រីក្រគ្មានជំនាញ គ្មានការងារធ្វើ មកចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាមួយនឹងអង្គការ ការីតាសកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង ដែលបានបង្ហោះផ្សាយនៅលើគេហទំព័ររបស់សាលារាជធានី កាលពីម្សិលមិញដែលចុះហត្ថលេខា ដោយលោកអភិបាលរាជធានី កែប ជុតិមា ចុះថ្ងៃទី ៦ ខែ កុម្ភៈមុននេះ បានអំពាវនាវឲ្យមេដឹកនាំសហគមន៍ទាំងនោះ ធ្វើការជ្រើសរើសយុវជនក្រីក្រពីសហគមន៍ខ្លួនសម្រាប់ការបណ្តុះបណ្តាលនេះ។
លោក កែប ជុតិមា បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា៖ «ដោយការមានការសហការជាមួយនឹងអង្គការការីតាស កម្ពុជា ក្នុងការជ្រើសរើសយុវជនក្រីក្រ ដែលជាកូនចៅរស់នៅក្នុងសហគមន៍ក្រីក្រទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ឲ្យទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីស្វែងរកការងារធ្វើ និងចូលរួមលើកកម្ពស់ ដល់សេដ្ឋកិច្ចគ្រួសារពួកគេ»។
លោក គឹម រតនា នាយកប្រតិបតិ្តនៃអង្គការ ការីតាស កម្ពុជា បានថ្លែងឲ្យដឹង កាលពីថ្ងៃម្សិលមិញថា វគ្គបណ្តុះបណ្តាលមុខជំនាញនានា នឹងចាប់ផើ្តមនៅដើមខែក្រោយ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់អង្គការ នៅក្នុងក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល។
លោកបានបន្តថា៖ «យើងអាចទទួលសិស្ស២០០នាក់ ក្នុងមួយឆ្នាំ ហើយមានមុខជំនាញ ១៤ខុសគ្នាដើម្បីបណ្តុះបណ្តាលពួកគេ»។ លោកបាន បញ្ជាក់ថា ជំនាញទាំងនោះមានយន្តការ គណនេយ្យ វិចិត្រករ គ្រប់គ្រងភោជនីយដ្ឋាន និងសេវាសម្អាងកាយ ។ល។
លោក គឹម រតនា បានបន្តថា៖«យើងចង់ជ្រើសរើសមនុស្សថែមទៀត ដែលមកពីសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដែលពួកគេគ្មានការសិក្សា និងគ្មានការងារធ្វើ។ យើងមានអត្រាជោគជ័យមានការងារធ្វើ ៩០ ទៅ ៩៥ ភាគរយ សម្រាប់អ្នកដែលបានសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលកន្លងមក»។
អ្នកស្រី សំ វណ្ណា អាយុ ៥០ឆ្នាំ ជាអ្នកភូមិដែលត្រូវបានបណ្តេញចេញពីបឹងកក់ ដែលបានតាំងទីលំនៅថ្មីក្នុងបុរីសន្តិភាព ២ ចាប់តាំងពីត្រូវបណ្តេញចេញនោះ នឹងធ្វើការជ្រើសរើសយុវជនមានលក្ខណៈសម្បត្តិពីសហគមន៍របស់អ្នកស្រី ដើម្បីបញ្ជូនទៅឲ្យអង្គការ ការីតាស កម្ពុជា ធ្វើការបណ្តុះបណ្តាល។
អ្នកស្រីមើលឃើញថា៖ «វាល្អប្រសើរដែរ ដែលសាលាក្រុងយកចិត្តទុកដាក់ដល់ប្រជាជនក្រីក្រ ក្នុងសហគមន៍ ដើម្បីផ្តល់ចំណេះដឹងនិងជំនាញជួយដល់ជីវិតពួកគេ»។ អ្នកស្រីបញ្ជាក់ថា យុវជនភាគច្រើនក្នុងសហគមន៍ ពួកគេគ្មានការងារធ្វើ ហើយមិនបានទៅសាលារៀនទេ ព្រោះពួកគេក្រីក្រគ្មានប្រាក់៕ TK
ប្រភពដើម http://www.postkhmer.com