មុខជំនាញចិត្តវិទ្យាជាមុខជំនាញដ៏ពេញនិយមមួយនៅបណ្តាប្រទេសអភិវឌ្ឍន៍និងប្រទេសមហាអំណាចរួមមានសហរដ្ឋអាមេរិចជាដើម។ នៅកម្ពុជា គេហាក់មិនទាន់ចាប់អារម្មណ៍ច្រើននៅឡើយ។ ចិត្តវិទ្យាជាវិទ្យាសាស្ត្រមួយសិក្សាអំពីចិត្តនិងទង្វើរបស់មនុស្ស។ ដើម្បីចូលរៀនមុខជំនាញនេះបានសិស្សានុស្សិសត្រូវត្រៀមលក្ខណៈចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា គណិតវិទ្យានិងជីវិវិទ្យា។ និស្សិតដែលសិក្សាជំនាញចិត្តវិទ្យា នឹងបានយល់ដឹងអំពីដំណើរអភិវឌ្ឍន៍របស់ចិត្ត របៀបជំរុញលើកទឹកចិត្តរបៀបប្រើប្រាស់ស្ថិតិ និងវិធីធ្វើតេស្តសាកល្បងបែបវិទ្យាសាស្ត្រលើទង្វើ ឬចរិតរបស់មនុស្ស ឬក្រុមមនុស្ស។ ចិត្តវិទ្យាសិក្សាអំពីទំនាក់ទំនងរវាងមនុស្សនិងមនុស្ស មនុស្សនិងឧបករណ៍នៅកន្លែងដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ការងារដែលសមស្របបំផុតសម្រាប់និស្សិតចិត្តវិទ្យា គឺការងារសហគមន៍ អង្គការ សមាគមដែលជាប់ទាក់ទងនឹងការស្រាវជ្រាវសង្គម ឬទឹកចិត្តឬទង្វើរបស់ក្រុមមនុស្ស ឬសង្គមមនុស្ស និងអាចធ្វើជាគ្រូបង្រៀននៅតាមមហាវិទ្យាល័យ។ ក្រៅពីនេះ ជំនាញចិត្តវិទ្យាអាចយកទៅបម្រើការសម្រាប់ស្រាវជ្រាវទីផ្សារអំពីទឹកចិត្តអតិថិជនមកលើផលិតផលក្រុមហ៊ុន ឬប្រើក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការរៀបចំប្រព័ន្ធលើកទឹកចិត្តនិងទូរទាត់សំណងក្នុងក្រុមហ៊ុន។ សម្រាប់អ្នកដែលមានធនធានហិរញ្ញវត្ថុនិងធនធានមនុស្សគ្រប់គ្រាន់ អាចចងក្រងគ្នាជាក្រុមបើកជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្លូវចិត្តបាន។