Recent Comments

Home » » បំណែក​យន្តហោះ​ដែល​ប្រទះ​ឃើញ​នៅ​បាត​ទន្លេ​ត្រូវ​ក្រុង​យក​ទៅ​រក្សា​ទុក

បំណែក​យន្តហោះ​ដែល​ប្រទះ​ឃើញ​នៅ​បាត​ទន្លេ​ត្រូវ​ក្រុង​យក​ទៅ​រក្សា​ទុក

Written By Unknown on Sunday, May 27, 2012 | 7:08 AM


ភ្នំពេញៈ សាលារាជធានី បាន​ផ្តល់​ប្រាក់​ជាង ៤០០ ដុល្លារ ទៅ​ឲ្យ​អ្នក​ដែល​បាន​ទិញ​បំណែក​យន្ត​ហោះ មាន​ទង់ជាតិ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម ទម្ងន់ ៥០០ គីឡូ​ក្រាម ដែល​ត្រូវ​បាន​អ្នក​នេសាទ​ម្នាក់​ប្រទះ​ឃើញ នៅ​ក្នុង​បាត​ទន្លេ​មេគង្គ ហើយ​បាន​យក​បំណែក​យន្ត​ហោះ​នោះ ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​។
លោក ស៊ុន កាន់ណារ៉េត នាយ​ប៉ុស្តិ៍​រដ្ឋបាល ​សង្កាត់​ឫស្សីកែវ បាន​ថ្លែង​ថា បំណែក​យន្ត​ហោះ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ និង​បាន​ដាក់​លក់ នៅ​កន្លែង​លក់​អេតចាយ​មួយ នៅ​ខណ្ឌ​ឫស្សីកែវ កាល​ពី​ម្សិល​មិញ​ ត្រូវ​បាន​គេ​ដឹក​ទៅ​រក្សា​ទុក​ នៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ​។ លោក បាន​បន្ថែម​ថា ការ​ដឹក​បំណែក​យន្ត​ហោះ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​បញ្ជា​ពីលោក​អភិបាល​រាជធានី​កែប ជុតិមា​។
លោក បាន​បញ្ជាក់​ទៀត​ថា​៖«បំណែក​យន្ត​ហោះ​ទាំង​នេះ ជា​បេតិកភណ្ឌ​នៅ​ក្រោម​បាត​ទន្លេ​ ដែល​ត្រូវ​​យក​ទៅ​រក្សា​ទុក និង​ការពារ តាម​រយៈ​ការ​អភិរក្ស​របស់​រដ្ឋាភិបាល ឬ​អង្គការ​យូណេស្កូ។ ដូច្នេះ​គេ​មិន​​អនុញ្ញាត​ឲ្យ​លក់​ទេ​»។
ប៉ុន្តែ លោក ​បញ្ជាក់​ថា មុន​និង​ដឹក​ជញ្ជូន​បំណែក​យន្ត​ហោះ​ទាំង​នេះ​ ទៅ​សាលា​រាជធានី អាជ្ញា​ធរ បាន​ផ្តល់​ប្រាក់​មួយ​ចំនួន ដល់​អ្នក​ដែល​បាន​ទិញ​បំណែក​យន្តហោះ​នោះ។
លោក មីន អូម៉ា វ័យ​ ៤៩ ​ឆ្នាំ​ ដែល​បាន​ចំណាយ​ប្រាក់​ជាង ៤០០ ដុល្លារ ទិញ​បំណែក​យន្ត​ហោះ​នេះ ពី​អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​ នៅ​សង្កាត់​កោះ​ដាច់​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ប្រាក់​ជាង ៤០០ ដុល្លារ​វិញ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​សន្យា​ថា ប្រសិន​បើ​រដ្ឋាភិបាល ពិនិត្យ​ឃើញ​ថា បំណែក​យន្ត​ហោះ​នេះ មាន​ប្រយោជន៍​ដល់​ជាតិ​ក្នុង​ការ​អភិរក្ស គេ​នឹង​ផ្តល់​ប្រាក់​ឲ្យ​លោក​បន្ថែម​ទៀត។
លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​«ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជាង​ ៤០០​ ដុល្លារ​ ដើម្បី​ទិញ​បំណែក​យន្ត​ហោះ​ទាំង​នេះ​។ ខ្ញុំ បាន​សម្រេច​ចិត្ត​ទិញ​វា​ ពី​អ្នក​នេសាទ​ម្នាក់​ ព្រោះ​ខ្ញុំ គិត​ថា វា​ជា​របស់​ដែល​មាន​តម្លៃ​ ហើយ​ខ្ញុំ ក៏​អាច​នឹង​រក​ប្រាក់​ចំណេញ​ពី​វា​បាន​ច្រើន​ផង​ដែរ​»។
លោក ហេង រតនា នាយក​ប្រតិបត្តិ​ នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ថ្លែង​ថា ​ក្រុម​អ្នក​ជំនាញ​ខាង​ CMAC ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ ដើម្បី​ពិនិត្យ​មើល ​បំណែក​យន្តហោះ​ទាំង​នេះ​ដែរ ​ដើម្បី​ពិនិត្យ​អំពី​ប្រភេទ​នៃ​យន្តហោះ និង​កាល​បរិច្ឆេទ​ នៃ​ការ​ធ្លាក់​របស់​យន្ត​ហោះ​នោះ ក្នុង​ទន្លេ​មេគង្គ។ លោក​បាន​បញ្ជាក់​ថា​៖«រហូត​មក​ដល់​នឹង​ពេល​នេះ យើង​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ ពិត​ប្រាកដ ឬ​កាល​បរិច្ឆេទ នៃ​យន្ត​ហោះ ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​មេគង្គ​នៅ​ឡើយ​ទេ​»។
យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់ ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​​ថា បំណែក​យន្ត​ហោះ​ដែល​គេ​បាន​រក​ឃើញ​នេះ​ ប្រហែល​ជា​ធ្លាក់​ចូល​ទន្លេ​មេគង្គ​ នៅ​សង្កាត់​កោះ​ដាច់​​ ក្នុង​អំឡុង​សង្គ្រាម ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដល់ ​១៩៧០​។
អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​បាន​ប្រទះ​ឃើញ​បំណែក​យន្ត​ហោះ​ ទម្ងន់ ៥០០ គីឡូ​ក្រាម​នេះ នៅ​បាត​ទន្លេ​មេ​គង្គ​ ក្នុង​សង្កាត់​កោះ​ដាច់ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា៕ NR
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger