ការរៀនភាសាត្រូវគិតពីកត្តាសំខាន់ពីរ គឺ ប្រភពចំណេះដឹង និងរបៀបសិក្សា។
១. ប្រភពចំណេះដឹង
ចំណេះដឹងដែលទទួលបាន កើតចេញមកពីបីប្រភព គឺៈ
- គ្រូបង្រៀន អាចផ្តល់ចំណេះដឹងបាន ៤០%
- សៀវភៅ អាចផ្តល់ចំណេះដឹងបាន ៣០%
- ប្រភពផ្សេងៗ (គ្រួសារ មិត្តភក្តិ...) អាចផ្តល់ចំណេះដឹងបាន ៣០%
អ្នកសិក្សាគួរដឹងថាចំណេះដឹងភាសាកើតមកពីប្រភពចំបងៗទាំងបីខាងលើ ហើយគួរគប្បីប្រមូលចំណេះពីប្រភពទាំងបីឲ្យបានច្រើនបំផុត។ អ្នកសិក្សាភាគច្រើន ច្រើនផ្តោតលើចំណេះដឹងដែលបានមកពីគ្រូ មិនសូវបានអានសៀវភៅ ឬអនុវត្តស្រាវជ្រាវបន្ថែមពីមិត្តភក្តិឬក្រុមគ្រួសារទេ អញ្ចឹងទៅពួកគេមិនទទួលបានចំណេះដឹង ១០០% ទេ។ គួរពិចារណាថា ប្រសិនបើគ្រូបង្រៀន ១០០ ហើយយើងចាប់បានទាំង ១០០ នោះមានន័យថា យើងបានចំណេះត្រឹមតែ៤០% នៅឡើយទេ ៦០% ភាគរយទៀតត្រូវទៅរកពីប្រភពផ្សេង គឺពីសៀវភៅ និងមិត្តភក្តិឬអ្នកដទៃទៀត។
ក្រុមអ្នកជំនាញ បានរកឃើញថាប្រសិនបើអ្នកសិក្សាទទួលបានចំណេះ១០០% នោះគេចំណាយពេលត្រឹមតែ ៣ ទៅ ៥ ប៉ុណ្ណោះ ជំនាញភាសារបស់គេនឹងឡើងដល់កម្រិតល្អឥតខ្ចោះ។
២. របៀបសិក្សា
ការសិក្សាត្រូវផ្អែកលើគោលការណ៍ចំបង៤យ៉ាង ដែលមិនអាចផ្តាច់ចេញពីគ្នាបាន គឺអាន សរសេរ និយាយ និងស្តាប់។ ការអានច្រើនជួយបង្កើនចំណេះមូលដ្ឋានដែលបង្កលក្ខណៈងាយស្រួលដល់ការសរសេរ។ ស្តាប់ច្រើន នាំឲ្យងាយស្រួលនិយាយ។ ជំនាញទាំងបួន ជួយគ្នាទៅវិញទៅមក។ គេតែងនិយាយថា វិធីដ៏ល្អបំផុតក្នុងការរៀនភាសាគឺអនុវត្តវាជាប្រចាំ។
ចងក្រងសម្រួលដោយ salarean.com