Recent Comments

Popular Posts

Label 7

មុខជំនាញសិក្សា

Latest Post

Showing posts with label ពត៌មានជាតិ. Show all posts
Showing posts with label ពត៌មានជាតិ. Show all posts

បំណែក​យន្តហោះ​ដែល​ប្រទះ​ឃើញ​នៅ​បាត​ទន្លេ​ត្រូវ​ក្រុង​យក​ទៅ​រក្សា​ទុក

Written By Unknown on Sunday, May 27, 2012 | 7:08 AM


ភ្នំពេញៈ សាលារាជធានី បាន​ផ្តល់​ប្រាក់​ជាង ៤០០ ដុល្លារ ទៅ​ឲ្យ​អ្នក​ដែល​បាន​ទិញ​បំណែក​យន្ត​ហោះ មាន​ទង់ជាតិ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម ទម្ងន់ ៥០០ គីឡូ​ក្រាម ដែល​ត្រូវ​បាន​អ្នក​នេសាទ​ម្នាក់​ប្រទះ​ឃើញ នៅ​ក្នុង​បាត​ទន្លេ​មេគង្គ ហើយ​បាន​យក​បំណែក​យន្ត​ហោះ​នោះ ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​។
លោក ស៊ុន កាន់ណារ៉េត នាយ​ប៉ុស្តិ៍​រដ្ឋបាល ​សង្កាត់​ឫស្សីកែវ បាន​ថ្លែង​ថា បំណែក​យន្ត​ហោះ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ និង​បាន​ដាក់​លក់ នៅ​កន្លែង​លក់​អេតចាយ​មួយ នៅ​ខណ្ឌ​ឫស្សីកែវ កាល​ពី​ម្សិល​មិញ​ ត្រូវ​បាន​គេ​ដឹក​ទៅ​រក្សា​ទុក​ នៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ​។ លោក បាន​បន្ថែម​ថា ការ​ដឹក​បំណែក​យន្ត​ហោះ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​បញ្ជា​ពីលោក​អភិបាល​រាជធានី​កែប ជុតិមា​។
លោក បាន​បញ្ជាក់​ទៀត​ថា​៖«បំណែក​យន្ត​ហោះ​ទាំង​នេះ ជា​បេតិកភណ្ឌ​នៅ​ក្រោម​បាត​ទន្លេ​ ដែល​ត្រូវ​​យក​ទៅ​រក្សា​ទុក និង​ការពារ តាម​រយៈ​ការ​អភិរក្ស​របស់​រដ្ឋាភិបាល ឬ​អង្គការ​យូណេស្កូ។ ដូច្នេះ​គេ​មិន​​អនុញ្ញាត​ឲ្យ​លក់​ទេ​»។
ប៉ុន្តែ លោក ​បញ្ជាក់​ថា មុន​និង​ដឹក​ជញ្ជូន​បំណែក​យន្ត​ហោះ​ទាំង​នេះ​ ទៅ​សាលា​រាជធានី អាជ្ញា​ធរ បាន​ផ្តល់​ប្រាក់​មួយ​ចំនួន ដល់​អ្នក​ដែល​បាន​ទិញ​បំណែក​យន្តហោះ​នោះ។
លោក មីន អូម៉ា វ័យ​ ៤៩ ​ឆ្នាំ​ ដែល​បាន​ចំណាយ​ប្រាក់​ជាង ៤០០ ដុល្លារ ទិញ​បំណែក​យន្ត​ហោះ​នេះ ពី​អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​ នៅ​សង្កាត់​កោះ​ដាច់​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ប្រាក់​ជាង ៤០០ ដុល្លារ​វិញ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​សន្យា​ថា ប្រសិន​បើ​រដ្ឋាភិបាល ពិនិត្យ​ឃើញ​ថា បំណែក​យន្ត​ហោះ​នេះ មាន​ប្រយោជន៍​ដល់​ជាតិ​ក្នុង​ការ​អភិរក្ស គេ​នឹង​ផ្តល់​ប្រាក់​ឲ្យ​លោក​បន្ថែម​ទៀត។
លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​«ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជាង​ ៤០០​ ដុល្លារ​ ដើម្បី​ទិញ​បំណែក​យន្ត​ហោះ​ទាំង​នេះ​។ ខ្ញុំ បាន​សម្រេច​ចិត្ត​ទិញ​វា​ ពី​អ្នក​នេសាទ​ម្នាក់​ ព្រោះ​ខ្ញុំ គិត​ថា វា​ជា​របស់​ដែល​មាន​តម្លៃ​ ហើយ​ខ្ញុំ ក៏​អាច​នឹង​រក​ប្រាក់​ចំណេញ​ពី​វា​បាន​ច្រើន​ផង​ដែរ​»។
លោក ហេង រតនា នាយក​ប្រតិបត្តិ​ នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ថ្លែង​ថា ​ក្រុម​អ្នក​ជំនាញ​ខាង​ CMAC ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ ដើម្បី​ពិនិត្យ​មើល ​បំណែក​យន្តហោះ​ទាំង​នេះ​ដែរ ​ដើម្បី​ពិនិត្យ​អំពី​ប្រភេទ​នៃ​យន្តហោះ និង​កាល​បរិច្ឆេទ​ នៃ​ការ​ធ្លាក់​របស់​យន្ត​ហោះ​នោះ ក្នុង​ទន្លេ​មេគង្គ។ លោក​បាន​បញ្ជាក់​ថា​៖«រហូត​មក​ដល់​នឹង​ពេល​នេះ យើង​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ ពិត​ប្រាកដ ឬ​កាល​បរិច្ឆេទ នៃ​យន្ត​ហោះ ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​មេគង្គ​នៅ​ឡើយ​ទេ​»។
យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់ ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​​ថា បំណែក​យន្ត​ហោះ​ដែល​គេ​បាន​រក​ឃើញ​នេះ​ ប្រហែល​ជា​ធ្លាក់​ចូល​ទន្លេ​មេគង្គ​ នៅ​សង្កាត់​កោះ​ដាច់​​ ក្នុង​អំឡុង​សង្គ្រាម ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដល់ ​១៩៧០​។
អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​បាន​ប្រទះ​ឃើញ​បំណែក​យន្ត​ហោះ​ ទម្ងន់ ៥០០ គីឡូ​ក្រាម​នេះ នៅ​បាត​ទន្លេ​មេ​គង្គ​ ក្នុង​សង្កាត់​កោះ​ដាច់ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា៕ NR

សាលា​រាជធានី​ប្រកាស​ឲ្យសហគមន៍​ជ្រើសយុវជន​ក្រីក្រ​ទៅរៀន​មុខជំនាញ


ភ្នំពេញៈ សាលារាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយដល់​មេដឹកនាំ​សហគមន៍​ទាំងអស់ ក្នុង​ខណ្ឌ​ទាំង ៩ នៅភ្នំពេញ ឲ្យជ្រើសរើស​យុវជន​ក្រីក្រ​គ្មាន​ជំនាញ គ្មាន​ការងារធ្វើ មកចូលរួម​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ជាមួយនឹង​អង្គការ ការីតាសកម្ពុជា។
យោងតាម​សេចក្តី​ជូនដំណឹង ដែល​បាន​បង្ហោះ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​សាលារាជធានី កាលពី​ម្សិលមិញ​ដែល​ចុះហត្ថលេខា ដោយ​លោកអភិបាល​រាជធានី កែប ជុតិមា ចុះថ្ងៃទី ៦ ខែ​ កុម្ភៈ​មុននេះ បាន​អំពាវនាវ​ឲ្យមេដឹកនាំ​សហគមន៍​ទាំងនោះ ធ្វើការ​ជ្រើសរើស​យុវជន​ក្រីក្រ​ពីសហគមន៍​ខ្លួនសម្រាប់​ការបណ្តុះបណ្តាល​នេះ​។
លោក កែប ជុតិមា​ បានឲ្យដឹង​នៅក្នុង​សេចក្តីជូន​ដំណឹង​ថា​៖ «​ដោយ​ការមាន​ការសហការ​ជាមួយនឹង​អង្គការ​ការីតាស កម្ពុជា ក្នុងការ​ជ្រើស​រើស​យុវជន​ក្រីក្រ ដែលជា​កូនចៅ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យទទួល​បាននូវ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​វិជ្ជា​ជីវៈ​ផ្សេងៗ ដើម្បី​ស្វែងរក​ការងារធ្វើ និងចូលរួម​លើក​កម្ពស់ ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ»។
លោក គឹម រតនា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ការីតាស កម្ពុជា បាន​ថ្លែងឲ្យដឹង កាលពី​ថ្ងៃ​ម្សិលមិញ​ថា វគ្គ​បណ្តុះបណ្តាល​មុខជំនាញ​នានា នឹង​ចាប់ផើ្តម​នៅដើម​ខែក្រោយ នៅឯ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​របស់​អង្គការ នៅក្នុង​ក្រុងតាខ្មៅ ទីរួម​ខេត្ត​កណ្តាល។
លោកបាន​បន្តថា៖​ «យើងអាច​ទទួល​សិស្ស២០០នាក់ ក្នុង​មួយឆ្នាំ ហើយមាន​មុខជំនាញ ១៤ខុស​គ្នា​ដើម្បី​បណ្តុះ​បណ្តាល​ពួកគេ​»។ លោក​បាន បញ្ជាក់ថា ជំនាញ​ទាំងនោះ​មាន​យន្តការ គណនេយ្យ វិចិត្រករ គ្រប់គ្រង​ភោជនីយដ្ឋាន និង​សេវា​សម្អាងកាយ ។ល។
លោក គឹម រតនា បាន​បន្ត​ថា៖«​យើងចង់​ជ្រើសរើស​មនុស្ស​ថែមទៀត ដែលមកពី​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ ដែល​ពួកគេ​គ្មាន​ការសិក្សា និង​គ្មានការងារ​ធ្វើ​។ យើង​មាន​អត្រា​ជោគជ័យ​មាន​ការងារ​ធ្វើ ៩០ ទៅ ៩៥ ភាគរយ សម្រាប់​អ្នកដែល​បានសិក្សា​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​កន្លងមក​»។
អ្នកស្រី សំ វណ្ណា អាយុ ៥០ឆ្នាំ ​ជា​អ្នកភូមិ​ដែលត្រូវបាន​បណ្តេញចេញពី​បឹងកក់ ដែល​បាន​តាំងទីលំនៅ​ថ្មីក្នុង​បុរី​សន្តិភាព ២ ចាប់តាំងពី​ត្រូវ​បណ្តេញ​ចេញនោះ នឹងធ្វើការ​ជ្រើសរើស​យុវជន​មានលក្ខណៈ​សម្បត្តិ​ពីសហគមន៍​របស់​អ្នកស្រី ដើម្បី​បញ្ជូនទៅ​ឲ្យ​អង្គការ​ ការីតាស កម្ពុជា ធ្វើការ​បណ្តុះ​បណ្តាល។
អ្នកស្រី​មើលឃើញថា៖ «​វាល្អប្រសើរដែរ ដែល​សាលាក្រុង​យកចិត្ត​ទុកដាក់​ដល់​ប្រជាជន​ក្រីក្រ ក្នុង​សហគមន៍ ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ជួយដល់​ជីវិត​ពួកគេ»។ អ្នកស្រី​បញ្ជាក់ថា យុវជន​ភាគច្រើន​ក្នុង​សហគមន៍ ពួកគេ​គ្មានការងារ​ធ្វើ ហើយ​មិនបាន​ទៅសាលារៀន​ទេ ព្រោះ​ពួកគេ​ក្រីក្រ​គ្មានប្រាក់​៕ TK
ប្រភពដើម http://www.postkhmer.com
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger