Recent Comments

Popular Posts

Label 7

មុខជំនាញសិក្សា

Latest Post

Showing posts with label ចំណេះដឹង. Show all posts
Showing posts with label ចំណេះដឹង. Show all posts

ការស្រាវជ្រាវទីផ្សារសម្រាប់អាជីវកម្មធុនតូច

Written By Unknown on Sunday, May 27, 2012 | 1:27 AM


អាជីវកម្ម​ធុន​តូច​គឺ​ជា​បេះ​ដូង​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​អាជីវកម្ម​ដែល​​ងាយ​ស្រួល​ចាប់​ផ្តើម​ ប៉ុន្តែ​ពិបាក​រក្សា​ឲ្យ​ស្ថិតស្ថេរ​រឹង​មាំ​លើ​ទី​ផ្សារ​ ប្រសិន​បើ​គេ​មិន​បាន​គិត​ឲ្យ​​បាន​ត្រឹម​ត្រូវ​អំពី​យុទ្ធ​សាស្ត្រ​ទី​ផ្សារ​និង​ហិរញ្ញវត្ថុ​ដ៏​ច្បាស់​​លាស់​មួយ​នោះ​ទេ។ តាម​បទ​ពិសោធន៍​របស់​យើង​ដែល​​ស្ថិត​ក្នុង​អាជីវកម្ម​ធុន​តូច និង​តាម​រយៈ​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន យើងបាន​​រក​ឃើញ​កត្តា​ប្រឈម​ជា​ច្រើន​ដែល​អាជីវកម្ម​ធុន​តូច​ជួប​ប្រទះទាក់​ទង​នឹង​រឿង​ទី​ផ្សារ​ ដែល​ទាម​ទារ​​នូវ​យុទ្ធ​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​អភិវឌ្ឍន៍​ ​ផលិត​ផល​/​សេវាកម្ម​ និង​អាជីវកម្ម​ និង​ដែល​ជយយ​ដល់​ការ​​ទាញ​យក​ចំណែក​ទី​ផ្សារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។ សំណួរ​សំខាន់​ៗ​ដែល​អាជីវកម្ម​ធុន​តូច​​ត្រូវ​ចោទ​សួរ​រួម​មាន៖
1. នរណា​ ជាអ្នក​ប្រើ​ប្រាស់​​​សេវកម្ម​និង​ផលិត​ផល​របស់​​ពួក​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​​នរណា​​ជា​​អតិថិជន​គោល​ដៅ​ដែល​ពួក​គេ​គួរ​ផ្តោត​លើ​​ដើម្បី​ពង្រីក​ចំណែក​ទី​ផ្សារ​របស់​​ខ្លួន៖ មាន​ន័យ​ថា អាយុ​ ភេទ ប្រាក់​ចំណូល ។ល។
2. នៅទីណា​និងនៅ​​ពេលណា ដែល​អតិថិជន​ទិញ​និង​ប្រើ​ប្រាស់​ផលិត​ផល​​ឬ​សេវាកម្ម​របស់​ពួក​គេ ហើយ​​ឱកាសណា​ខ្លះ​ដែល​ពួក​គេ​​អាច​ចូល​ទៅ​ដល់​អតិថិជន​បាន។
3. អ្វី ដែល​លើក​ទឹក​ចិត្ត​អតិថិជន​ឲ្យ​ប្រើប្រាស់​ផលិត​ផល​ឬ​សេវាកម្ម​របស់​ពួក​គេ ហើយ​តើ​ពួក​គេ​អាច​ទាក់​ទាញ​អតិថិជន​ថ្មីដោយ​របៀប​ណា?
4. តើ​ពួក​គេ​គួរ​​ផ្សព្វ​ផ្សាយផលិត​ផល​ឬ​សេវាកម្ម​ ​​តាម​របៀប​ណា ដើម្បី​​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​បន្ថែម​ទៀត?
5. តើ​​ផលិត​ផល​ឬ​សេវាកម្ម​របស់​ពួក​គេ​មាន​សក្តា​នុពល​រីក​ចម្រើន​ ​ត្រឹម​កម្រិត​ណា ហើយ​តើ​សក្តានុពល​នោះ​បាន​មក​ពី​ណា បាន​មក​ពី​ការទន្ទ្រាន​យក​​អតិថិជន​ដែល​មាន​ស្រាប់ និង​/ឬ​អតិថិជន​ថ្មី?
ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នេះ អាជីវកម្ម​ធុន​តូច​ ត្រូវ​ស្រាវ​ជ្រាវ​ទីផ្សារ​ដោយប្រើ​ប្រាស់​វិធីសាស្ត្រ​ច្រើន​យ៉ាង។​ អត្ថបទ​នេះ​ នឹង​លើក​ឡើង​ខ្លះ​ៗ​អំពី​វិធី​សាស្ត្រ​ទាំង​នេះ និង​សំណួរ​​ជា​គន្លឹះ​មួយ​ចំនួន​ដែល​គួរ​សួរ។ វិធី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ ប៉ុន្តែ​ប្រការ​សំខាន់​គឺ​ត្រូវ​ដឹង​អំពី​ចំនុច​ខ្សោយ​​របស់​វិធី​នីមួយៗ។
1.និយាយ​ជាមួយ​អតិថិជន​របស់​អ្នក –វិធី​សាស្ត្រ​នេះ​មិន​ចំណាយ​អស់​ច្រើន​ទេ។ សំណួរ​ជា​គន្លឹះ​ដែល​អ្នក​គួរ​សួរ​រួមមាន​៖ តើ​អ្វី​ដែ​ល​ធ្វើ​ឲ្យ​អតិថិជន​ទិញ​ផលិត​ផល​ពី​អ្នក មិន​ទិញ​ពី​គូ​ប្រកួត​ប្រជែង​អ្នក? តើ​អតិថិជន​ដឹង​អំពី​​ផលិត​ផល​អ្នក​តាម​របៀប​ណា? តើ​ពួក​គេ​ទំនង​ជា​ទិញ​ផលិត​ផល​​អ្នក​នាពេល​អនាគត​ទៀត​ទេ​? តើ​អ្នក​មាន​អ្វី​លើក​ទឹក​ចិត្ត​​ឲ្យ​អតិថិជន​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ដែរ​ឬ​ទេ ឧទាហរណ៍​ដូច​ជា​​បញ្ចុះ​តម្លៃ​សម្រាប់​ទិញ​​ទំនិញ​លើ​ក​ក្រោយ​ជា​ដើម។ ចូរ​​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា​ព័ត៌មាន​របស់​ពួក​គេ​ ជួយ​ឲ្យ​អ្នក​ផ្តល់​សេវា​ឲ្យ​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង​នា​ពេល​អនាគត។ ការ​និយាយ​ជាមួយ​អតិថិជន​ ជួយ​ឲ្យ​អ្នក​យល់​កាន់​តែ​ច្បាស់​អំពី​តម្រូវ​ការ​និង​ការ​ពេញ​ចិត្ត​របស់​ពួក​គេ​ និងជួយ​អ្នក​ក្នុង​ការ​​​រៀប​ចំ​យុទ្ធ​សាស្ត្រ​រក្សា​ទុក​ពួក​គេ និង​បង្កើន​អត្រា​ទិញ​របស់​ពួក​គេ។ ចូរ​ចង​ចាំ​ថា​ អតិថិជន​ដែល​ពេញ​ចិត្ត​នឹង​ផលិត​ផល​/​សេវាកម្ម​​របស់​អ្នក​ គឺ​ជា​អ្នក​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​​ឲ្យ​អ្នក​ដោយ​មិន​គិត​ថ្លៃ។
2. និយាយ​ជាមួយ​អតិថិជន​សក្តានុពល​របស់​អ្នក — អតិថិជន​សក្តានុពល​ជា​​អ្នក​ដែល​មិន​ទាន់​ប្រើ​ប្រាស់​ផលិត​ផល​​ឬ​សេវាកម្ម​របស់​អ្នក​ទេ ឬ​ប្រើ​ប្រាស់​ម្តង​ម្កាល​ តែ​ជា​អ្នក​ដែល​មាន​បំណង​សាក​ផលិត​ផល​របស់​អ្នក​នា​ពេល​អនាគត។ សំណួរ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​សួរ​រួម​មាន៖ តើ​ពួក​គេ​គិត​យ៉ាង​ណា​អំពី​ផលិត​ផល​របស់​អ្នក​ប្រើ​ប្រៀប​ធៀប​ជាមួយ​ផលិត​ផលិត​ផល​របស់​គូ​ប្រកួត​របស់​អ្នក? តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ដូរ​មក​ប្រើ​ប្រាស់​​ផលិត​ផល​/​សេវា​កម្ម​របស់​អ្នក​វិញ​? តើ​ពួក​គេ​ដឹង​អំពី​​ផលិត​ផល​របស់​អ្នក​ដោយ​របៀប​ណា? លទ្ធផល​ដែល​រក​ឃើញ​ពី​ការ​សួរ​អតិថិជន​សក្តានុពល​ អាច​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​យល់​ដឹង​អំពី​ស្ថានភាព​ផលិត​ផល​/​សេវា​កម្ម​របស់​ខ្លួន​ នៅ​ក្នុងទឹក​​ចិត្ត​របស់​អតិថិជន​ ដើម្បី​កំណត់​ឲ្យ​ដឹង​ពី​ចំនុច​ខ្សោយ​​និង​ចំនុច​ខ្លាំង។ វិធនេះ​ក៏​អាច​ជួយ​ផង​ដែរ​ដល់​ការ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ការ​លើក​ទឹក​ចិត្ត​ដែល​គួរ​ប្រើ​សម្រាប់​ទាក់​ទាញ់​អតិថិជន​សក្តានុពល​ឲ្យ​ប្រើ​ប្រាស់​ផលិត​ផល​ / សេវាកម្ម ។ល។
3. និយាយ​ជាមួយ​អ្នក​ដែល​បដិសេធ​មិន​ប្រើ​ផលិត​ផល​ឬ​សេវាកម្ម​អ្នក — ជា​អ្នក​ដែល​បដិសេធ​ឬ​មិន​មាន​បំណង​ប្រើ​ផលិត​ផល​ឬ​សេវាកម្ម​របស់​អ្នក។ នេះ​ជា​ប្រការ​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ពី​ប្រវត្តិ​និង​ទឹក​ចិត្ត​របស់​ពួក​គេ​ ដែល​ឈប់​ប្រើ មិន​​ចង់​ប្រើ។ សំណួរ​ជា​គន្លឹះ​​មួយ​ចំនួន​ដែល​អ្នក​គួរ​ចោទ​សួរ​រួម​មាន៖ មូល​ហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​ចង់​ប្រើ​​ឬ​ឈប់​ប្រើ​​ផលិត​ផល​/​សេវាកម្ម​របស់​អ្នក? ប្រសិន​បើ​ចំនុច​អវិជ្ជ​​មាន​ទាំង​ឡាយ​ត្រូវ​បាន​ដោះ​ស្រាយ​តើ​ពួក​គេ​ចង់​ប្រើ​វិញ​ទេ? វិធីនេះ​អាច​ជួយ​បង្កើត​ជា​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​ពួក​គេ​​ សូម្បី​តែ​ពួកគេ​មិន​ដែល​ដឹង​អំពិ​ផលិត​ផល​ឬ​សេវាកម្ម​របស់​អ្នក ឬ​មិន​ទុក​ចិត្ត​លើ​ផលិត​ផល​ឬ​សេវាកម្ម​របស់​អ្នក​ក៏​ដោយ។ នេះ​ក៏​ជា​ប្រការ​ចាំ​បាច់​ដែរ​ ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​ពួក​គេ ឲ្យ​ដឹង​ថា​ពួក​គេ​ធ្លាប់​ប្រើ​ផលិត​ផល​អ្នក​ពីមុន​មក​ទេ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​មូល​ហេតុ​អ្វីដែល​គេ​ឈប់​ប្រើ តើ​មក​ពី​គុណភាព ថ្លៃ​ ឬ​សេវាកម្ម​។ល។ សូម​ចង​ចាំ​ថា​អតិថិជន​ដែល​មិន​ពេញ​ចិត្ត​ នឹង​និយាយ​ទៅ​កាន់​មិត្តភក្តិ​របស់​គេ​១០​នាក់​ទៀត​អំពី​បទ​ពិសោធន៍​អាក្រក់​ដែល​ពួក​គេ​ជួប​ប្រទះ​ជាមួយ​អ្នក។
វិធី​សាស្ត្រ​ប្រមូល​ទិន្នន័យ​សម្រាប់​ឆ្លើយ​តប​នឹង​សំណួរ​ទីផ្សារ​របស់​អ្នក គឺ​អាស្រ័យ​ទៅតាម​​ប្រភេទ​អតិថិជន​គោល​ដៅ​របស់​អ្នក​ មានន័យ​ថា​ តើ​អតិថិជន​គោល​ដៅ​ជា​នរណ រស់​នៅ​ទីណា ហើយ​ពួក​គេ​ទិញ​ផលិត​ផល​ពី​អ្នក​ដោយ​របៀប​ណា។ តែ​ទោះបី​ជា​យ៉ាណា​ក៏​ដោយ​ វិធីសាស្ត្រ​ដែល​អ្នក​ប្រើ​សម្រាប់​សួរ​សំណួរ​រួមមាន៖ ១. នៅ​ពេល​អតិថិជន​​ទិញ​ទំនិញ​របស់​អ្នក (​ប្រសិ​បើ​សំណួរ​ចំណាយ​ពេល​តិច​ជាង​៥​នាទី) ២.​ប្រសិន​បើ​អ្នក​មាន​បញ្ជី​ឈ្មោះ​អតិថិជន​ នោះ​អ្នក​អាច​ទូរស័ព្ទ​ទៅ​កាន់​ពួក​គេ​បាន​ (​សំណួរ​មិន​អាច​ចំណាយ​ពេល​លើស​ពី​១០​នា​ទី​ទេ) ៣. ទៅ​លេង​ផ្ទះ​អតិថិជន​របស់​អ្នក​​នៅ​ឱកាល​ល្អ​ណាមួយ​ដែល​សម​ស្រប​សម្រាប់​អតិថិជន​ (​វិធី​សាស្ត្រ​នេះ​អ្នក​អាច​សួរបាន​ច្រើន​សំណួរ​ រហូត​ដល់​ទៅ​ ៣០ ទៅ​ ៤០​ នាទី)៕
អត្ថបទដោយៈ​ Marketing & Research Training Solutions
ព័ត៌មាន​លំអិត​អំពី​អត្ថបទ​នេះ​សូម​ទាក់​ទង MRTS តាម​រយៈ​អ៊ីម៉ែល៖ info@mrts-cambodia.com
ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ដោយ​ salarean.com
សាលារៀន​ដត​ខម សូម​ថ្លែង​អំណរ​គុណ​ជា​ពិសេស​ចំពោះ​ ក្រុម​ហ៊ុន​ MRTS-Cambodia Ltd

សំដី​មេ​ដឹក​នាំ​ពិភព​លោក


ណាប៉ូឡេអុង បូណាប៉ារត៍
(១៧៦៩-១៨២១)
អ្នក​ចម្បាំង​ និង​យោធា​ដ៏​ល្បី​ល្បាញ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​ក្នុង​នាម​ជា​មេដឹកនាំ​បារាំង​លះ​បង់​ខ្លួន​ដើម្បី​ការ​បង្រួប​បង្រួម​ទ្វីប​អឺរ៉ុប។
១. នៅ​ក្នុង​សង្រ្គាម​ បី​ភាគ​បួន​អាស្រ័យ​លើ​អត្តចរិត​បុគ្គល​ និង​ទំនាក់​ទំនង។ តុល្យភាព​ កម្លាំង​មនុស្ស និង​សម្ភារៈ​ ទទួល​ខុស​ត្រូវ​តែ​ចំណែក​មួយ​ភាគ​បួន​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ។
២. កង​ទ័ព​អាច​ប្រយុទ្ធ​បាន​ដោយ​សារ​ក្រពះ។
៣. គ្រាប់កាំភ្លើង​ដែល​អាច​សម្លាប់​ខ្ញុំ​បាន​ មិន​ទាន់​ត្រូវ​គេ​ផលិត​ចេញ​នៅ​ឡើយ។
៤. ពី​ភាព​ប្រសើរ​ថ្លៃ​ថ្នូរ​មកភាព​គួរ​ឲ្យ​អស់​សំណើច​ មាន​ចំងាយ​តែ​មួយ​ជំហាន​ប៉ុណ្ណោះ។ (​ក្រោយ​ពី​ដក​ទ័ព​ថយ​ពី​ក្រុង​មូស្គូ)
៥. ស្តេច​គ្រង​រាជ​ដែល​មាន​ឈ្មោះ​ល្អ​នៅ​ឆ្នាំ​ដំបូង នឹង​ត្រូវ​គេ​សើច​ចំអក​នៅ​ឆ្នាំ​បន្ទាប់។
អូតូ វ៉ុន ប៊ីស្មាក់
(១៨១៥-១៨៩៨)
"​អធិការ​បតី​ដៃ​ដែក​" ជាតិ​ព្រុស្យា​ដែល​បាន​បង្រួប​បង្រួម​ជាតិ​អាល្លឺ​ម៉ង់​​តាម​មធ្យោបាយ​ "​ឈាម​និង​ដែក"។
១. នយោបាយ​គឺ​ជា​សិល្បៈ​នៃ​កិច្ចការ​ដែល​អាច​សម្រេច​បាន។
២. ថ្វាយ​អំណាច​យោធា​ដ៏​ខ្លាំង​បំផុត​ឲ្យ​ទៅ​ស្តេច​ព្រុស្យា បន្ទាប់​មក​ព្រះ​អង្គ​នឹង​អាច​អនុវត្ត​គោល​នយោបាយ​ទៅ​តាម​បំណង​របស់​អ្នក។ គោល​នយោបាយ​នេះ មិន​អាច​សម្រេច​ទៅបាន​តាមរយៈ​ពាក្យ​សំដី ការប្រកួត​បាញ់ និង​ចម្រៀង​ទេ តែ​សម្រេច​បាន​តាម​រយៈ​ "​ឈាម​និង​ដែក"​។
៣. ប្រសិន​បើ​មាន​សង្រ្គាម​មួយ​ទៀត​នៅ​អឺរ៉ុប នោះ​វា​នឹង​កើត​ឡើង​ដោយសារ​រឿង​ឆ្កួត​ៗ​ខ្លះ​ៗ​ នៅ​តំបន់​បាល់កង់។
៤. នៅ​ពេល​អ្នក​និយាយ​ថា​ អ្នក​យល់​ស្រប​អ្វី​មួយ​ជាគោលការណ៍ មាន​ន័យថា​អ្នក​គ្មាន​ចេតនា​បន្តិច​សោះ​ នឹង​អនុវត្ត​វា។
វ៉្លាឌីមៀ អ៊ីលីជ ឡេនីន
(១៨៧០-១៩២០)
អ្នក​ទ្រឹស្តី​នយោបាយ និង​អ្នក​ដឹកនាំ​ខ្លាំង​​ នៃ​បដិវត្តន៍​ ដែល​បាន​ប្រែ​ក្លាយ​ប្រទេស​រុស្ស៊ី​ក្រោម​ស្តេច​ត្សា​ឲ្យ​ទៅ​ជា​ប្រទេស​កុម្មុយនិស្ត​ទី១​នៅ​លើ​ពិភព​លោក។​
១. លទ្ធិ​កុម្មុយនិស្ត​ ជា​អំណាច​របស់​សូវៀត​ បូក​ផ្សំ​និង​អគ្គិសនីកម្ម​របស់​ប្រទេស​ទាំង​មូល។
២. ចក្រពត្តិ​និយម​ គឺ​ជា​ដំណាក់​កាល​ផ្តាច់​មុខ​ នៃលទ្ធិ​មូលធននិយម។
៣. សេរីភាព​ជា​វត្ថុ​មាន​តម្លៃ មាន​តម្លៃ​រហូត​ត្រូវ​កំណត់។
៤. ដរាប​ណា​មាន​រដ្ឋ​ពុំ​អាច​មាន​សេរីភាព។ នៅ​ពេល​មាន​សេរីភាព នឹង​ពុំ​មាន​រដ្ឋ។
៥. លទ្ធិ​ប្រជា​ធិបតេយ្យ​ មិន​ដូច​គ្នា​បេះ​បិត​នឹង​ការ​គ្រប់​គ្រង​ដោយ​សម្លេង​ភាគ​ច្រើន​ទេ។ លទ្ធិ​ប្រជា​ធិបតេយ្យ​​ជា​រដ្ឋ​មួយ​ដែល​ទទួល​ស្គាល់​ការយក​សំលេង​ភាគ​តិច​មក​ដាក់​ឲ្យ​នៅ​ក្រោម​សម្លេង​ភាគ​ច្រើន​ គឺ​ជា​អង្គការ​មួយ​ដែល​ប្រើ​ប្រាស់​កម្លាំង​ជា​ប្រព័ន្ធ​ដោយ​វណ្ណៈ​មួយ​ប្រឆាំង​នឹង​វណ្ណៈ​មួយ​ទៀត ដោយ​មនុស្ស​មួយ​ក្រុម​ប្រឆាំង​នឹង​មនុស្ស​មួយ​ក្រុម​ទៀត។
បេនីតូ មូសូលីនី
(១៨៨៣-១៩៤៥)
ជា​អ្នក​រៀប​ចំ​ចាត់​តាំង​បង្កើត​របប​ផ្តាច់ការ​ហ្វា​ស៊ីស​នៅ​អ៊ីតាលី និង​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ​ អាដុលហ្វ៍ អ៊ី​ត្លែរ នៅ​អាល្លឺម៉ង់
១. បើ​ខ្ញុំ​រុល​ទៅ​មុខ​ តាម​ខ្ញុំ! បើ​ខ្ញុំ​ដក​ថយ​ សម្លាប់​ខ្ញុំ​ចោល! បើ​ខ្ញុំ​ស្លាប់​សង​សឹក​ឲ្យ​ខ្ញុំ!
២. អ្នក​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​គិត​ពី​ភាព​ហិង្សា។ សម្រាប់​ខ្ញុំ​​ហិង្សា​វា​ត្រឹម​ត្រូវ​តាម​សីលធម៌ណាស់ គឺ​មាន​សីលធម៌​ជាង​ការ​ព្រម​ព្រៀង​និង​ស្រុះ​ស្រួល​គ្នា​ទៅ​ទៀត។
៣. យើង​ត្រូវ​តែ​ចេញ​ដំណើរ​ឲ្យ​ទាន់​ចំពេល... ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្វី​ៗ​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ​ដោយ​សុក្រិត​ភាព។
ហ្សូសេហ្វ ស្តាលីន
(១៨៧៩-១៩៥៣)
ទទួល​តណែង​ពី​ឡេនីន​ក្នុង​នាម​ជា​មេដឹក​នាំ​សហភាព​សូវៀត និង​បាន​លើក​តម្កើង​ប្រជាជាតិ​មួយ​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដឹកនាំ​ពិភព​លោក
១. អ្នក​និពន្ធ​ជា​វិស្វករ​របស់​ព្រលឹង​មនុស្ស
២. បទ​ពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំបូរ​បែប បង្រៀន​យើង​ថា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ គ្មាន​វណ្ណៈ​ណាមួយ​ស្ម័គ្រ​ចិត្ត​ជៀស​ផ្លូវ​ទុក​ឲ្យ​វណ្ណៈ​មួយ​ទៀត​ទេ។
៣. រដ្ឋ​ជា​ឧបករណ៍​មួយ​ក្នុង​ដៃ​របស់​វណ្ណៈ​កាន់​អំណាច ដែល​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​បង្រ្កាប​ការ​ប្រឆាំង​របស់​សត្រូវ​នៃ​វណ្ណៈ​នោះ។
អាដុលហ្វ៍ ហ៊ីត្លែរ
(១៨៨៩-១៩៤៥)
អ្នក​ដឹក​នាំ​របប​ផ្តាច់ការ​ហ្វាស៊ីស​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ជា​អ្នក​វាត​ទី​កាន់​កាប់​ទ្វីប​អឺរ៉ុប​ដី​គោក​ក្នុង​សង្រ្គាម​លោក​លើក​ទី​២
១. ជំនឿ​ពិបាក​លប់​បំបាត់​ជាង​ចំណេះ​ដឹង
២. ក្នុង​ប្រជា​ជាតិ​មួយ មហាជន​មួយ​ក្រុម​ធំ​.. ងាយ​នឹង​ក្លាយ​ជាជន​រង​គ្រោះ​ពី​ការ​ភូត​ភរ​ដ៏​ធំ​មួយ​ ជាង​មហា​ជន​មួយ​ក្រុម​តូច​ផ្សេង​ទៀត។
វីន​ស្តុន ឆឹច​ឈីល
(១៨៧៤-១៩៦៥)
នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ដែល​បាន​ឈរ​ជើង​យ៉ាង​រឹង​មាំ​និង​ក្លាហាន​ដើម្បី​តទល់​នឹង​កម្លាំង​ណាស៊ី​ក្នុង​កំឡុង​ពេល​ដ៏​អួរអាប់​បំផុត​នៃ​អារ្យធម៌​បស្ចិម​ប្រទេស
១. យើង​រៀប​ចំ​ផ្ទះ​របស់​យើង ក្រោយ​មក​វា​នឹង​រៀប​ចំ​យើង​វិញ
២. សេចក្តី​ក្លាហាន​ត្រូវ​ចាត់​ទុក​ជា​គុណសម្បត្តិ​ដំបូង​គេ​របស់​មនុស្ស ព្រោះវា​ធានា​ដល់​គុណសម្បត្តិផ្សេង​ទៀត​ទាំង​អស់​។
៣. គេ​និយាយ​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ទម្រង់​រដ្ឋាភិបាល​អាក្រក់​បំផុត លើក​លែង​តែ​ទម្រង់​រដ្ឋាភិបាល​ផ្សេង​ទៀត​ទាំងឡាយ​ណា ដែល​ទទួល​បាន​ការ​សាក​ល្បង​ពី​មួយ​ពេល​ទៅ​មួយ​ពេល។
៤. ជា​កំហុស​មួយ​ដែល​មនុស្ស​ម្នាក់​មើល​ទៅ​ឆ្ងាយ​ហួស​ពេក។ ក្នុង​ខ្សែ​ជីវិត​មាន​ចំនុច​តែ​មួយ​គត់​ដែល​អាច​ត្រូវ​ដោះស្រាយ​នៅ​ពេល​តែ​មួយ​ដូចគ្នា។
៥. ប្រវត្តិសាស្ត្រ​ពិភព​លោក​ទំាង​មូល​ត្រូវ​សង្ខេប​មក​ត្រឹម​ការពិត​ដែល​ថា ប្រជាជាតិ​ខ្លាំង​តែង​មិន​ធ្វើ​ត្រឹម​ត្រូវ​ទេ ហើយ​នៅ​ពេល​ពួក​គេ​ទាមទារ​ឲ្យ​មាន​ភាពត្រឹម​ត្រូវ​លើ​ខ្លួន មាន​ន័យ​ថា ពូកគេ​លែង​ខ្លាំង​ទៀត​ហើយ។
៦.  នយោបាយ​គ្រោះ​ថ្នាក់​ជាង​សង្គ្រាម ព្រោះ​ក្នុង​សង្គ្រាម​អ្នក​អាច​ត្រូវ​គេ​សម្លាប់​តែ​ម្តង​គត់។
៧. សង្គ្រាម​ភាគ​ច្រើន​ ជា​សៀវភៅ​រាយ​ឈ្មោះ​កំហុស​ចោល​ម្សៀត។
៨. ចក្រ​ភព​របស់​អនាគត​កាល​គឺ​ចក្រភព​របស់​ចិត្ត។
៩. និយាយ​វែង​ឥត​ប្រយោជន៍​ តែង​តែ​ប្រសើរ​ជាង​សង្គ្រាម​អូស​បន្លាយ។
១០. ក្រៅ​ពី​សម​នឹង​ទទួល​ជោគ​ជ័យ គ្មាន​នរណា​ម្នាក់​ធានា​ថា​នឹង​ទទួល​បាន​វា​នៅ​ក្នុង​សង្គ្រាម​ឡើយ។
១១. នៅ​ពេល​អ្នក​ត្រូវ​សម្លាប់​មនុស្សម្នាក់​ វាគ្មាន​តំលៃ​អ្វី​ទេ​ដែល​ធ្វើឬក​ជា​សុភាព។
១២. សីលធម៌​សម្រាប់​ការងារ​គឺថាៈ ពេល​សង្គ្រាម​គេ​និយាយ​ពី​ដំណោះ​ស្រាយ ពេល​បរាជ័យ​គេ​ត្រូវ​ការ​ភាព​គឃ្លើន ពេល​ជោគជ័យ​ត្រូវ​មាន​ចិត្ត​អធ្យាស្រ័យ និង​ពេល​សន្តិភាព​ត្រូវ​មាន​សុច្ឆន្ទៈ។
មហាត្មៈ គន្ធី
(១៨៦៩-១៩៤៨)
មេ​ដឹកនាំអហិង្សា​និង​សាសនា​ឥណ្ឌា​ដែល​បាន​ដឹកនាំ​ការ​តស៊ូ​ទាមទារ​សេរីភាព​ពី​ការ​គ្រប់​គ្រង​របស់​អង់គ្លេស
១. ចំពោះ​មនុស្ស​ដែល​ក្រពះ​របស់​គេ​គ្មាន​អ្វី​សោះ អា​ហារ​គឺ​ជា​ព្រះ។
២. ខ្ញុំ​មិន​មែន​កសាង​ខ្លួន​សម្រាប់​សរសេរ​ទ្រឹស្តី តែ​សកម្ម​ភាព​ជា​គោល​ដៅ​របស់​ខ្ញុំ។
៣. ខ្ញុំ​ចាត់​ទុក​ខ្លួង​ឯង​ជា​ជនជាតិ​ហិណ្ឌូ គ្រិស្តសាសនិកជន អ៊ីស្លាម ជ្វីហ្វ ពុទ្ធសាសនិក និង​ខុងជឺ។
៤. អហិង្សា​គឺ​ជា​ខ​ដំបូង​នៃ​ជំនឿ​របស់​ខ្ញុំ។ វា​ក៏​ជា​ខ​ចុង​ក្រោយ​នៃ​គោលការណ៍​របស់​ខ្ញុំ។
៥. ភាព​មាន​តែ​មួយ​ជា​ច្បាប់​ធម្មជាតិ។ ចូរ​សំឡឹង​មើល​ភាព​ផ្តាច់​មុខ​នៃ​ការ​រះ​របស់​ព្រះ​អាទិត្យ។​ ភាព​មាន​តែមួយ​ក្នុ​ង​ជីវភាព​រស់​នៅ​ចាំបាច់ គឺ​ការ​ចេះ​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង​ក្លៀវក្លា​ឡើង។
៦. ការ​បណ្តែត​បណ្តោយ​តាម​ចំណូល​ចិត្ត​ខ្លូន​តែង​មាន​ព្រំដែន តែ​គ្មាន​ទេ​សម្រាប់​ការ​អត់​ធ្មត់​ទប់​ចិត្ត​ខ្លួន​ឯង។
៧. បុគ្គល​ណាម្នាក់​ក៏​អាច​ប្រឆាំង​នឹង​​អំណាច​របស់​អាណចក្រ​មិន​ត្រឹម​ត្រូវ​មួយ​ ដើម្បី​សង្គ្រោះ​កិត្តិយស​របស់​ខ្លួន សាសនា​របស់​ខ្លួន ព្រលឹង​របស់​ខ្លួន ហើយ​ចាក់​គ្រឹះ​សម្រាប់​ការ​ដួល​រលំ ឬ​ការ​កែ​ប្រែ​ថ្មី​ឡើង​វិញ​នៃអាណាចក្រ​នោះ។
៨.​ តើ​​មាន​ការ​ខុស​គ្នា​អ្វី​ទៅ​រវាង​ការ​ស្លាប់ កំព្រា និង​គ្មាន​ផ្ទះ​សម្បែង តើ​ការ​បំផ្លាញ​ដ៏​ឆ្កួត​លីលា​ត្រូវ​បាន​ចារក្រោម​ផ្លាក​ផ្តាច់​ការ​និយម ឬ​ក៏​ផ្លាក​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព​ឬ​ក៏​ប្រជា​ធិបតេយ្យ?
ម៉ៅ សេទុង
(១៨៩៣-១៩៧៦)
រដ្ឋ​បុរស​បដិវត្តន៍​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ និង​ដាក់​ឲ្យ​អនុវត្ត​គម្រូ​រដ្ឋាភិបាល​កុម្មុយនិស្ត​តែ​មួយ​គត់​លើ​ពិភព​លោក
១. ទ័ព​ឧទ្ទាម​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន​ ប្រៀប​ដូច​ទឹក​និង​ត្រី។
២. នយោបាយ​ជា​សង្គ្រាម​គ្មាន​ការ​បង្ហូរ​ឈាម ឯសង្គ្រាម​ជា​នយោបាយ​មាន​ការ​បង្ហូរ​ឈាម។
៣. ជន​កុម្មុយនិស្ត​គ្រប់​រូប​ត្រូវ​យល់​នូវ​ការពិត​ដែល​ថា "​អំណាច​នយោបាយ​ដុះ​ចេញ​ពី​ចុងកាណុង"​។
៤. ការ​ទុក​ឲ្យ​បុប្ផា​មួយ​រយ​ទង​រីក​ និង​ថ្នាលគំនិត​មួយ​រយ​ដុះ​ដាល​ប្រជែង​គ្នា​ជា​គោល​នយោបាយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​និង​វិទ្យាសាស្ត្រ​ព្រម​ទាំង​វប្បធម៌​សង្គម​និយម​ចំរុង​ចម្រើន​មួយ​លើ​ទឹក​ដី​របស់​យើង។
៥. គ្រាប់​បែក​បរមាណូ​ជា​ខ្លា​ក្រដាស​មួយ​ដែល​ពួក​ប្រតិកិរិយា​អាមេរិក​ប្រើ​បន្លាច​ប្រជា​ជន។ វា​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ តែ​តាម​ពិត​ពុំ​ដូច្នេះ​ទេ​... រាល់​ពួក​ប្រតិកិរិយា​ជា​ខ្លា​ក្រដាស។​
ដក​ស្រង់​ចេញ​ពី​សៀវភៅ កំពូល​មេដឹកនាំ​ពិភពលោក កែ​សម្រួល​និង​រៀប​រៀង​ដោយ កែវ​សំណាង បោះពុម្ព​ឆ្នាំ​១៩៩៩
សាលារៀន salarean.com
សូម​អាន​ប្រវត្តិ​របស់​មេ​ដឹក​នាំ​នីមួយៗ​ក្នុង​សៀវភៅ​កំពូល​មេ​ដឹក​នាំ​ពិភព​លោក​
ណាប៉ូ​លេ​អុង បូណាប៉ារត៍
ស៊ីម៉ង បូលីវ៉ា
អុតតូ វ៉ុន ប៊ីស្មាក់
ម៊ីអ៊ិយិ មុត​ស៊ូហ៊ីតូ
វ៉ាដីមៀអ៊ីលីជ ឡេនីន
ស៊ុន យ៉ាត​សេន
បេនីតូ មូសូលីនី
ហ្សូសេហ្វ ស្តាលីន
អាដុល្វ៍ ហ៊ីត្លែរ
វីនស្តុន ឆឺច​ឈីល
មហាត្មៈ គន្ធី
ម៉ៅ​ សេទុង
ហ្សូស៊ីព ប្រូហ្ស៍ ទីតូ
មូជីមិញ
ហ្គោលដា មែរ
អាយ៉ាតូឡា រូហូឡា ខូមេនី
ហ្វីដែល​ កាស្ត្រូល
មីខាអ៊ីល ហ្គ័របាឆូវ
រ៉ូណាល់ រី​ហ្គែន
ណែល​សុន ម៉ង់​ដេឡា

គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ


ព្រះ​បាទ​ធម្មិក ដោយ​ឥន្ទ​បញ្ញោ​ ហេង មណី​ចិន្តាអ្នក​ដឹកនាំ​ត្រូវមាន​ សុខភាព សមត្ថភាព និង​គុណ​ធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំល្អ។
សុខភាព ជាគុណសម្បត្តិ​ផ្នែក​រាង​កាយ​ដែលអ្នក​ដឹកនាំ​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​រឹង​ប៉ឹង។
សមត្ថភាព ជា​គុណ​សម្បត្តិ​ផ្នែក​សតិ​បញ្ញា​ដែល​អ្នក​ដឹកនាំទំាងឡាយ​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ជាលំដាប់។
គុណធម៌​ ជា​គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការ​ប្រព្រឹត្តិ ដែល​អ្នក​ដឹកនាំត្រូវ​ថែរក្សា​ និង​គោរព​ស្មើ​អាយុជីវិត​របស់​ខ្លួន។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស​ គុណ​សម្បត្តិ​ទាំង​៣ ប្រការ​នេះ​មាន​ដូចតទៅ៖

គុណ​សម្បត្តិ​បី​យ៉ាង​របស់​អ្នក​ដឹកនាំ
សុខភាព ទុក​ជា​សសរ​ផ្ទះ មាននាទី​សម្រាប់​ទ្រ
សមត្ថភាព ទុក​ដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង
គុណធម៌​ ទុក​ដូច​ជា​ដំបូល​ផ្ទះ មាន​នាទី​សម្រាប់​ការពារ
គុណសម្បត្តិទី១ សុខភាព
លក្ខណៈ​របស់​អ្នក​មាន​សុខភាព​ល្អ​រួមមានដូចជា៖
- ជា​បុរស​ឬ​ស្ត្រី​ពេញ​លក្ខណៈ
- រាងកាយ​មិន​ពិកលពិការ
- ជា​មនុស្ស​មិន​ជរាពេក
- ជាមនុស្ស​មិន​វិកល​ចរិត​ មិន​សរសៃ​ប្រសាទ
- ធន់​នឹង​ជំងឺ​ គឺ​មិនងាយ​ឈឺ​ផ្តេសផ្តាស
- មិន​មាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន
- ជាមនុស្ស​មាន​អនាម័យ មិន​ស្មោក​គ្រោក
បើ​សិន​ជា​មាន​ជំងឺ​បៀតបៀន​ ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យបាន​រួសរាន់ ព្រោះ​ថា​ការបណ្តែត​បណ្តោយ​ជំងឺ​តិច​តួច​ថ្ងៃ​នេះ​ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃ​ស្អែក​ដែល​រឹត​ឲ្យ​ខូច​ការ​កាន់​តែ​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​កាល​ប្រធានាធិបតេយ្យ​រ៉ូណាល់​រេហ្គិន មាន​ជំងឺ​ធ្ងន់​ ត្រូវ​វះ​កាត់​ គេ​ឃើញ​ថា​លុយ​ដុល្លារ​ ដែល​ជារូបិយបណ្ណ​គោល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុង​ករណី​ប្រទេស​កម្ពុជាវិញ ជំងឺ​របស់​សេនា​ប្រមុខ​ លន់ នល់ ជាបច្ច័យ​មួយ​យ៉ាងធំ​ផងដែរ ដែលនាំ​ឲ្យ​ប្រទេស​ខ្មែរធ្លាក់​ចុះ ព្រោះ​លោក​លន់​ នល់​ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់។
ពុទ្ធភាសិត​មួយ​ពោលថា "​ អរោគ្យា បរមា លាភា ការ​មិន​មាន​រោគ គឺ​ជាលាភ​ដ៏ធំបំផុត" ។
គុណសម្បត្តិ​ទី២ សមត្ថភាព
សមត្ថភាព គឺ​ភាព​ដែល​អាច​បំពេញកិច្ចការណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ ទាំងផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ។ សមត្ថភាព គឺ​ជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាច​ទៅរួច​អាច​ប្រឹង​ប្រែង​បាន។
លក្ខណៈ​របស់​អ្នក​មាន​សមត្ថភាព​មាន​៨​យ៉ាង គឺ​ជា​អ្នក​ជឿ​មាន​ហេតុផល​ ជា​អ្នក​មាន​ញាណ ជា​អ្នក​មាន​​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ជា​អ្នក​ខ្លាំង​ប្រសើរ​លើស​គេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នក​មានទេព​កោសល្យ ជា​អ្នក​មាន​យុត្តិធម៌ និង​ជាអ្នក​មាន​សេចក្តី​ព្យាយាម។
អ្នក​ជឿមាន​ហេតុផលៈ "​ធ្វើមេ​គេហើយ ​នៅត្រចៀកស្រាល​ទៀត​ "​ នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះ​គន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី​បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង​ ព្រោះ​គិត​ថា​រឿង​ហ្នឹង​ជារឿង​ពិត។ គោលការណ៍​នៃ​ការជឿចំនួន​១០​យ៉ាង​ដែល​ត្រូវ​យក​មក​ពិចារណា​មុន​ដាក់​ជំនឿ​ថារឿង​ហ្នឹង​ពិត​ឬ​មិន​ពិត៖ (១) កុំ​ដាក់​ចិត្ត​ជឿព្រោះ​គ្រាន់​តែ​ការ​បាន​ឮ​តៗ​គ្នាមក (២) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​ត​មក​ (៣) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​និទាន​តៗ​គ្នា (៤) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់​ចិត្ត​ជឿ​ដោយ​ការអនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាម​បែប​ហេតុផល (៨) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់​ចិត្ត​ជឿព្រោះ​មើល​ទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន​ (១០) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង។
អ្នក​មាន​ញាណៈ ជា​អ្នក​មាន​ប្រាជ្ញា​ចាក់​ឆ្លុះ​ ដឹង​ជ្រៅ​ជ្រះ​ ដឹង​សព្វ​គ្រប់។ ញាណ​ ឬ​ការ​ដឹង​ច្បាស់​មាន​៣​ប្រការ គឺ​ដឹង​អតីតកាល(ដឹង​​ពី​អតីតកាល​របស់​រឿង កិច្ចការ​ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់​លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍នោះ​បាន​គ្រប់​លក្ខណៈ) ដឹង​អនាគត​(កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​បាន​ដោយ​ត្រឹ​មត្រូវ ដោយ​យោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន) និង​ដឹង​បច្ចុប្បន្ន​ (ដឹង​ដំណើរ​ការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ មាន​លក្ខណៈ​បែប​ណា មាន​បច្ច័យ​អ្វី​ខ្លះ មាន​លក្ខណ្ឌ​យ៉ាង​ណា)។
អ្នកមាន​ប្រាជ្ញា​ជាន់​ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើត​ឡើង ក៏​អាច​វែក​ញែក​ពង្រីក​ ថ្លឹង​ថ្លែង ត​ភ្ជាប់​ទៅ​រក​ហេតុផល​ ឬ​វិបាក​ដែល​នឹង​ត្រូវ​កើត​ឡើង​ភ្លាម​មួយរំពេច ដូច​ពាក្យ​​ខ្មែរ​​ច្រើន​​ពោលថា "​ និយាយ​តែ​ពីរបី​ម៉ាត់​រហ័ស​យល់​ដឹង​ថា​ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ភ្លាម ​"  (២) ឆាប់​ចាប់​បាន​សេចក្តី​លំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់​ ដឹង​ថា​រឿង​ហ្នឹង​មាន​ប្រភព​មក​ពីណា (៣) មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ក្នុង​ភាសា ស្គាល់ស័ព្ទ​ ពាក្យ​បញ្ញត្តិ ស្ទាត់​ជំនាញ​ក្នុង​ការនិយាយ ចេះ​និយាយ​ពិរោះ​ឲ្យ​គេស្តាប់បាន ឲ្យ​គេ​ចូល​ចិត្ត​ និង​ឲ្យ​គេ​ជឿ​ជាក់​ តាម​សេចក្តីប្រថ្នា​របស់​ខ្លួន (៤) បញ្ញា​គិត​លឿន​ យល់​ច្បាស់​ក្នុង​ចំណេះ​ដឹង​ អាច​យក​ទៅ​ប្រើ​ការ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​តាម​ស្ថានការណ៍។
អ្នក​ខ្លាំង​ប្រសើរ​លើស​គេៈ អ្នក​ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយ​ជា​មនុស្ស​អច្ឆរិយៈ​ក្នុ​ង​ក្រសែ​ភ្នែក​ប្រជា​ជន​ អ្នក​ដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើរៈ ជា​អ្នក​ឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុង​សង្គម ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើរៈ ចេះ​ស្តាប់​ ចូល​ចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាល​បើ​អ្នក​ដឹកនាំ​បាន​ឃើញ បាន​ដឹង នូវ​បញ្ហា សេចក្តី​ត្រូវការ និង​ដំណោះ​ស្រាយ ហើយ​ អ្នក​ដឹកនាំ​ត្រូវ​យក​មក​ចាត់​ចែង​ជា​ក្រុម ជា​ថ្នាក់​ ទៅ​តាម​ប្រភេទ តាម​លំដាប់​សំខាន់។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់​គ្រាន់​ក៏​យក​មក​បំពេញ​បន្ថែម។ កន្លែង​ដែល​លើស​ហួស​ពីការ​ពិត ក៏កាត់​ចេញ​ចម្រាញ់​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ពិតៗ​ (៤) ការ​សិក្សា​ដ៏​ប្រសើរៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំង​នោះ អ្វី​ជា​សេចក្តី​ត្រូវ​ការ​ដែល​រាស្ត្រ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ កម្មវិធីនិង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី​ត្រូវការ​របស់​រាស្ត្រ​បាន។ (៥) ជា​អ្នក​បម្រើ​ដ៏​ប្រសើរៈ បន្ទាប់​ពីបាន​សិក្សា​នូវ​បញ្ហា​ សេចក្តី​ត្រូវការ​ និងវិធី​ដោះ​ស្រាយ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​ក្លាយ​ជា​ប្រយោជន៍​រាស្ត្រ។ (៦) ការ​រំលឹក​ដ៏​ប្រសើរៈ កិច្ច​ការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នក​ដឹកនាំ​ត្រូវ​តាម​ដាន ស្តាប់​ឲ្យ​បាន​ជា​រឿយៗ​ ថា​មាន​ដំណើរ​ដល់​ណា​ហើយ​ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែម​ទៀត​ទេ។ រួច​ហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះ​មក​ចាត់​លំដាប់​សារ​ជា​ថ្មី ព្រម​ទាំង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។
អ្នកមាន​កម្លាំង​១០៖ (១) យល់​ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន (២) យល់​ពី​ការ​ប្រព្រឹត្តិ​របស់មនុស្ស​និង​ដឹង​ថា​ការ​ប្រព្រឹត្តិ​បែប​នេះ​នឹង​នាំ​ដល់លទ្ធ​ផ​ល​បែប​នោះ ឬ​ថា​លទ្ធផល​បែប​នេះ​ចេញ​មក​ពី​ការ​ប្រព្រឹត្តិ​បែប​ណា (៣) យល់​ដឹង​ពី​មធ្យោបាយ​ យុទ្ធសាស្ត្រ​សម្រាប់​នាំ​ទៅ​រក​គោល​ដៅ (៤) យល់​ដឹង​ច្បាស់​ក្នុង​រឿង​សង្គម​វិទ្យា​ រដ្ឋសាស្ត្រ (៥)​ យល់​ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ​ ទាំង​ខាង​អាធ្យាស្រ័យ​ និន្នាការ មនោគម​វិជ្ជា និង​ភាព​ប៉ិន​ប្រសព្វ​ពី​កំណើត (៦) យល់​ដឹង​ពី​ភាព​ផ្សេង​ៗ​ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព​ វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅ​ជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការ​ដឹកនាំ និង​ចេះ​កែ​ខៃ​កត្តា​ទាំង​នោះ (៨) ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ក្រោម​បង្គាប់ (៩) ប្រមើល​មើល​ដឹង​នូវ​ផល​អនាគត​ និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផលសម្រេច​ដែល​ខ្លួន​ចង់បាន​។
អ្នកមាន​ទេពកោសល្យៈ ប៉ិន​ប្រសប់​ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយ​ថា "​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ"​។ (១) ឆ្លាត​ក្នុង​ការ​ចំរើន ដឹង​ធ្វើ​អ្វីនាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស​ ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​ក្តី​វិនាស​ (៣) ប៉ិន​ប្រសប់​ក្នុង​វិធី​ដោះ​ស្រាយ​និង​សម្រេច​ផល។
អ្នក​មាន​យុត្តិ​ធម៌ៈ ជៀស​វាង​អគតិ​៤ គឺ (១)​ លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀត​បៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិន​ដឹង​ដល់​សាច់រឿង។
អ្នក​មាន​សេចក្តី​ព្យាយាមៈ សេចក្តី​ព្យាយាម​របស់​អ្នក​ដឹកនាំ​ត្រូវ​ប្រកប​ដោយ​អង្គ​៤​ប្រការ​ គឺ​ព្យាយាម​ការ​ពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែល​មាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តី​សុខ​ស្រួល​ឲ្យ​កើត​មាន​ឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តី​សុខ​ស្រួល​នោះ​ឲ្យ​គង់​វង្ស​ចម្រើន​ត​ទៅ​ទៀត។
គុណ​សម្បត្តិ​ទី​៣ គុណធម៌
គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំនុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំនុច។
ទសពិធរាជធម៌
១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។
២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អៈ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។
៣. បរិច្ចាគ​ ឬការ​បរិច្ចាគៈ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។
៤. អាជ្ជវៈ​ ឬការស្មោះត្រង់ៈ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។
៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ៈ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។
៦. តបៈ​ ឬការ​ដុត​កិលេសៈ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។
៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធៈ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។
៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀនៈ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។
៩. ខន្តី​​ ឬ​ការ​អត់​ធន់ៈ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។
១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុសៈ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស 
ព្រហ្មវិហារ​ធម៌ៈ
១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។
២. ករុណាៈ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។
៣. មុទិតាៈ ត្រេក​អរ​ដែល​គេ​បាន​សុខ។
៤. ឧបេក្ខាៈ ដាក់​ចិត្ត​ជា​កណ្តាល
ប្រភពៈ សៀវភៅ ព្រះ​បាទ​ធម្មិក និពន្ធ​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥​

សាលារៀន salarean.com

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger